ជាងម៉ូតូមួយក្រុម រួមគ្នាច្នៃគ្រឿងបន្លាស់ម៉ូតូចាស់ៗជារូបសត្វផ្សេងៗយ៉ាងទាក់ទាញលក់លើទីផ្សារ..

ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់ ដែលក្រុមយុវជន ឬ ជាងម៉ូតូមួយក្រុមមានគំនិតច្នៃប្រឌិត ដោយបានរួមគ្នាបង្កើតជាសត្វផ្សេងៗពីគ្រឿងបន្លាស់ម៉ូតូចាស់ៗដែលគេបោះចោល ។ ឥឡូវនេះ សត្វដែលធ្វើពីគ្រឿងបន្លាស់ម៉ូតូចាសៗដែលគេបោះចោលនោះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ។

ដោយសារតែជំងឺកូវីដ បានធ្វើឱ្យពួកគេរួមគំនិតគ្នាធ្វើរូបសត្វពីគ្រឿងបន្លាស់ម៉ូតូដែលគេបោះចោលដើម្បីលក់ ដែលជាការរកចំណូលបន្ថែម បន្ទាប់ពីការងារជាងម៉ូតូរបស់ពួកគេស្ងាត់ភ្ញៀវនោះមក ។

លោក កង សុធា ជាស្ថាបនិកក្រុមសិល្បៈដែក OMA ដែលជាអ្នកផ្តួចផ្តើមគំនិតធ្វើការងារនេះបានរៀបរាប់ថា ខ្ញុំទើបតែចាប់ផ្តើមធ្វើរូបភាពសត្វផ្សេងៗ ពីគ្រឿងបន្លាស់ម៉ូតូ ឬ យានយន្ត ដែលគេបោះចោលនេះ បានរយៈពេលជាង ២ខែប៉ុណ្ណោះ ។

បច្ចុប្បន្ននេះ ខ្ញុំជាអ្នកលក់ប្រេងម៉ាស៊ីនម៉ូតូ ខ្ញុំបានដើរលក់ ឬ​ ចែកចាយឱ្យជាងម៉ូតូ ដែលជាម៉ូយរបស់ខ្ញុំ ។ ដើមហេតុ ដែលនាំឱ្យមានគំនិតច្នៃប្រឌិតបែបនេះ គឺមកពីបញ្ហាជំងឺកូវីដនេះតែម្តង និយាយទៅចាប់តាំងពីមានបញ្ហាកូវីដមក ជាងម៉ូតូ ដែលជាម៉ូយរបស់ខ្ញុំ តែងតែបានត្អូញត្អែរអំពីការរកលុយ ។

ដោយពួកគេតែងតែលើកឡើងថា ភ្ញៀវមកធ្វើម៉ូតូកាន់តែមានការថយចុះ ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកខ្លះ ក៏ដាច់ចិត្តផ្អាកអាជីវកម្មរបស់គាត់ក៏មាន ពេលនោះខ្ញុំក៏មិនដឹងថា គិតម៉េចដែរ ។

មិនយូរប៉ុន្មានខ្ញុំក៏មានគំនិតមួយដើរមើល ខាងក្រោយផ្ទះរបស់ពួកគាត់ ឃើញសុទ្ធតែគ្រឿងបន្លាស់ម៉ូតូចាស់ៗ ដែលគេបោះចោល ហើយខ្ញុំក៏ឆែកមើលអ៊ិនធើណេត ហើយក៏បែកគំនិតមួយ ហើយសួរពួកគាត់ថា​ ប្រសិនបើយើងច្នៃគ្រឿងបន្លាស់ ដែលបោះចោលនោះ ចេញជាសត្វផ្សេងៗ ស្អាតៗនោះយ៉ាងម៉េចដែរ ?។

យើងបានព្យាយាមជជែកគ្នាពីរ ឬ បីដង ហើយបានធ្វើការសិក្សាជ្រាវតាមអ៊ិនធើណេតបន្ថែមទៀតថា តើនៅស្រុកថៃ ឬ ស្រុកគេធ្វើយ៉ាងម៉េច? ។ ហើយខ្ញុំបានបំផុសគំនិតម្តងហើយ ម្តងទៀតដល់ពួកគាត់ រហូតដល់ពួកគាត់សម្រេចចិត្តថាធ្វើវាឡើង ដោយពួកយើងបានបង្កើតជាក្រុមមួយសាកល្បងធ្វើវា មុនដំបូងយើងសាកល្បងធ្វើរូបខ្យាដំរីមុនគេ ដែលសត្វខ្យាដំរីនេះធ្វើពីច្រវាក់កងម៉ូតូ ។

ប៉ុន្តែយើងមិនយកតាមគេនោះទេ យើងគ្រាន់តែយកលំនាំតែប៉ុណ្ណោះ នៅពេលយើងធ្វើវា មើលទៅដៃរបស់គាត់គាត់ដូចថ្នឹក មើលទៅដូចគាត់មានការពេញចិត្តខ្លួនឯង ហើយខ្ញុំក៏មានការពេញចិត្តដែរ ប្រជាពលរដ្ឋដែលឃើញសត្វខ្យាដំរីនេះ មានការចាប់អារម្មណ៍ ហើយយើងក៏មានទឹកចិត្តក្នុងការធ្វើវា ។

វត្ថុ ឬ សត្វនិមួយៗដែលយើងធ្វើនោះ ដំណាក់កាលដំបូងនេះ យើងប្រើពេលវេលាជាមធ្យមពី មួយថ្ងៃទៅ ៣ថ្ងៃយ៉ាងយូរ ទៅតាមប្រភេទសត្វ ។ មកដល់ពេលនេះ យើងលក់បានសត្វចំនួន ៤ រួមមាន៖សត្វក្អែប នាគ កន្ទុំរុយ និង សត្វពីងពាង ។ ពីងពាងលក់បានតម្លៃ ៨០ដុល្លារ ហើយសត្វកន្ទុំរុយលក់បានថោកជាងគេ លក់បាន២០ដុល្លារប៉ុណ្ណោះ ។ យើងនឹងពង្រីកអាជីវកម្មរបស់យើងបន្តទៀត ។  

LEAVE A REPLY

Please enter your comment!
Please enter your name here