ទោះខ្លួនជាតារាល្បីមែន តែ ឡុង លីគ័ង្គ សាមញ្ញជួយស្ទូងស្រូវគ្រួសារ យ៉ាងគួរឲ្យសរសើរ..

តាកែវ៖ អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ ឡុង លីគ័ង្គ ពេលនេះ ក្លាយជាតារាចម្រៀងវ័យក្មេង ដែលកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ បើទោះបី តារាចម្រៀងរូបនេះ មានវ័យក្មេង តែរូបគេពិតជាមានសមត្ថភាព និងសម្លេងពីរោះ មិនចាញ់មនុស្សធំពេញវ័យឡើយ។

យ៉ាងណាមិញ បច្ចុប្បន្ន ឡុង លីគ័ង្គ ក៏កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាបន្តបន្ទាប់ផងដែរ ហើយកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងវិញទៀត ពេលនេះ រូបគេកាន់តែវិវត្តន៍ខ្លួនជាងមុន ហើយមានរូបសម្បត្តិ និងស្ទាយ៍តែងខ្លួនក៏កាន់តែសង្ហាគួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះ តារាចម្រៀងវ័យក្មេងរូបនេះ ក៏មានភាពរួសរាយរាក់ទាក់ មិនប្រកាន់ខ្លួនទៀតផង។

ជាក់ស្ដែង បើងាកទៅមើលពីជីវិតឯកជនរបស់ កុមារា ឡុង លីគ័ង្គ វិញឃើញថា រូបគេប្រើប្រាស់ជិវិតរស់នៅយ៉ាងសាមញ្ញតែម្ដង។ ក្នុងនោះដែរ ថ្មីៗនេះ តារាចម្រៀងវ័យក្មេងរូបនេះ បានបង្ហោះវីដេអូ ពីសកម្មភាពនៅវាលស្រែ ជួយការងារដល់គ្រួសារ ក្រោយពេលទំនេរពីការងារសិល្បៈ ហើយក្នុងវីដេអូនោះ រូបគេបានជួយគ្រួសារ ដោយការជួយលើកសន្ទូង និងស្ទូងស្រូវទៀតផង ដោយសកម្មភាពស្ទូងស្រូវរបស់ប្អូន ហាក់មានភាពស្ទាត់ជំនាញគួរឲ្យសរសើរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here