ជាស្វីតណាស់!ស្រីស្អាត កញ្ញា ម៉ៃយ៉ា ហ៊ានបង្ហាញមុខពិតគូស្នេហ៍ទើបបានយល់ចិត្តថ្លើមថ្មីៗ ឃើញហើយពិតជាគួរឲ្យច្រណែន…

ថ្មីៗនេះក៏បង្កឲ្យភ្ញាក់ផ្អើលពីប្រិយមិត្តអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមម្តងទៀត ខណៈដែលតារាសម្តែងស្រី ម៉ូដែល និងពិធីការិនី វ័យ ២៣ ឆ្នាំ រូបឆោមស្រស់ សាច់សខ្ចី កូនកាត់ជាតិសាសន៍អាស៊ី-អឺរ៉ុប កញ្ញា ម៉ៃយ៉ា បានបង្ហោះរូបនែបនិត្យ ផ្អែមល្ហែម នឹងបុរសរូបសង្ហា ខុសពីធម្មតា មិនមែនជារូបថតសម្តែងកុន។

គេនៅចាំថា តារាសម្តែងស្រីកូនកាត់ខ្មែរ-អាល្លឺម៉ង់វ័យ ២៣ ឆ្នាំកាន់តែមានរូបឆោមស្រស់កញ្ញា ម៉ៃយ៉ា បានប្រកាសស្វែងរកគូគាប់មកធ្វើជាម្ចាស់បេះដូង ដោយបានបង្ហើរសារយ៉ាងខ្លីថា៖ «រង់ចាំពាក្យថាស្នេហ៍!ឆ្នាំថ្មីហើយ តើនរណាជាគូអូន? បងនៅទីណា?» កាលពីមុនចូលឆ្នាំខ្មែរនោះ។ ឥឡូវនេះកាលដែលកញ្ញា ម៉ៃយ៉ា ឧស្សាហ៍បង្ហោះរូបថតស្និទ្ធស្នាលជាមួយនឹងបុរសសង្ហាមានត្រេមុខជាកូនចៅកាត់ចិននោះក៏បង្កប់សារខ្លីដែរថា៖ «You are my everything!»។

មួយរំពេចនោះគេក៏ឃើញមានអ្នកចូលទៅចុច Like និង Comment ជាហូរហែ ដោយឃើញមានអ្នកចូលសរសេរបែបដូចជាចំអន់លេងថា៖ «អីយ៉ាស! ទំនងជាកញ្ញាបានជួបនឹងម្ចាស់ចិត្តដែលធ្លាប់ប្រកាសរកកាលប៉ុន្មានខែនោះហើយមើលទៅហ្ន? ឬមួយគ្រាន់រូបភាពបំភ័ន្តភ្នែកមហាជនទេដឹង ព្រោះថារូបនេះអាចជារូបថតនឹងតារាប្រុសថ្មីនៅក្នុងការថតកុនថ្មីរបស់កញ្ញាក៏អាចថាបាន!»។

ស្រីស្រស់ជាកូនកាត់ ម្តាយខ្មែរ-ប៉ាអាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា ដែលល្បីថាសម្បូរក្រុមកន្លង់ចោមរោមតាមសុំស្នេហ៍មិនតិចចាប់ពីលំដាប់ពីអ្នកមានទ្រព្យស្តុកស្តម្ភរហូតទៅដល់ឋានៈឧកញ៉ានោះក៏បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នេះជារឿងពិត!មិនមែនជាការនិយាយ Drama លេងទេបងគឺខ្ញុំនិយាយពិតមែន! បុរសដែលនាងខ្ញុំឧស្សាហ៍ថតរូបបង្ហោះមួយរយៈចុងក្រោយនោះគឺពិតជាអ្នកដែលនាងខ្ញុំពេញចិត្ត និងទើបតែចាប់ផ្តើមមើលចិត្តថ្លើមគ្នាបណ្តើរៗហើយ»។

កញ្ញា ខាហ្គឺម៉ៃយ៉ា សូរ៉ៃយ៉ាម៉ាថា ហៅ ម៉ៃយ៉ា តារាស្រីដែលកំពុងមានរាសីឡើងក្រឺតៗ បន្ទាប់ពីក្តាប់បានតំណែងជាតួឯកស្រីក្នុងកុនភាគរឿង «ហង្សបាក់ស្លាប» ក្រោយមកតំណែងជាតួឯកស្រីកុនដុំថ្មីរឿង «ទាយាទអាគម» និងកុនភាគរឿង «កញ្ញាអម្ពិលផ្អែម» និងការថតស្ប៉តពាណិជ្ជកម្ម និងសម្អាងការផងដែរនោះនាងបានបកស្រាយប្រាប់ភ្នំពេញប៉ុស្តិ៍បន្តទៀតថា៖ «ពេលនេះពួកយើងកំពុងតែស្ថិតក្នុងដំណាក់កាលមួយត្រូវមើលចិត្តថ្លើមគ្នានៅឡើយ ហើយគាត់ឈ្មោះ ពេជ្រ មានមុខរបរជាពាណិជ្ជករម្នាក់ដោយសារគាត់មកពីគ្រួសារមានអាជីពប្រកបអាជីវកម្មរកស៊ីមិនមែនជាអ្នកសិល្បៈដូចរូបនាងខ្ញុំទេ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here