Connect with us

ព័ត៌មានសន្តិសុខ និងសង្គម

អាយុថ្លៃណាស់! គង់តែបានឆ្កែមួយក្បាលនេះហិតដឹងក្លិន និងព្រុសទេ កុំអីទារកដែលទើបនឹងកើត ត្រូវម្តាយយកទៅកប់ចោលនេះ ស្លាប់បាត់ហើយ! (មានវីដេអូ)!

Published

on

អាយុថ្លៃណាស់! គង់តែបានឆ្កែមួយក្បាលនេះហិតដឹងក្លិន និងព្រុសទេ កុំអីទារកដែលទើបនឹងកើត ត្រូវម្តាយយកទៅកប់ចោលនេះ ស្លាប់បាត់ហើយ! (មានវីដេអូ)!

ថៃ៖ អាចចាត់ទុកបានថា ជារឿងមួយដ៏សំណាងបំផុត ដែលទារកទើបនឹងកើតម្នាក់ ត្រូវបានម្តាយចិត្តអប្រិយយកទៅកប់ទាំងរស់ ប៉ុន្តែអាយុថ្លៃត្រូវបានសត្វឆ្កែមួយក្បាលហិតដឹងក្លិន និងព្រុសខ្លាំងៗ ផ្អើលដល់អ្នកស្រុក មកជួយសង្គ្រោះទាន់ពេល។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ កន្លងទៅនេះ ស្ថិតក្នុងខេត្ត Nakhon Ratchasima ។

បើយោងតាមប្រភពសារព័ត៌មានថៃ បានឲ្យដឹងថា ទារករងគ្រោះនោះ ត្រូវបានម្តាយរុំយកទៅកប់នៅក្នុងចម្ការដំឡូងមីមួយកន្លែង ដែលស្ថិតនៅក្នុងជម្រៅរាក់។ ជាសំណាងល្អ ដែលនៅគ្រានោះត្រូវបានឆ្កែពិការជើងមួយក្បាល (អាចដើរបានតែជើង៣) ឈ្មោះ Ping Pong បានហិតក្លិនដឹង និងបានព្រុសខ្លាំងៗ រហូតធ្វើឲ្យកសិករមានការងឿងឆ្ងល់ និងបានដើរមកមើលទីតាំងមួយនោះ។

ក្រោយមក ដោយមានការសង្ស័យ កសិករក្នុងចម្ការក៏បានជីកកកាយដី នៅទីតាំងកន្លែងដែលឆ្កែ Ping Pong ព្រុស។ នៅទីបំផុតពួកគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញទារកទើបនឹងកើតម្នាក់ ដែលនៅមានដង្ហើមរស់។

ភ្លាមៗក្រោយកើតហេតុ ពួកគេក៏បានយកទារកទៅមន្ទីរពេទ្យក្នុងស្រុក ដើម្បីទទួលការពិនិត្យព្យាបាល និងថែទាំសុខភាព។ ហើយក្រោយមកពួកគេក៏បានរាយការណ៍ដំណឹងនេះ ទៅកាន់មន្រ្តីប៉ូលិសក្នុងតំបន់ ដើម្បីចាត់វិធានការ និងស្វែងរកមុខអាណាព្យាបាលទារករងគ្រោះនេះផងដែរ។

ក្រោយធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ប៉ូលិសក៏បានកំណត់មុខសញ្ញាទៅលើក្មេងស្រីជំទង់សង្ស័យ វ័យ១៥ឆ្នាំ ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណម្នាក់ ដោយបានធ្វើការចាប់ឃាត់ខ្លួន និងសាកសួរផងដែរ។ វាពិតជាភ្ញាក់ផ្អើល ដែលក្មេងស្រីរូបនោះ បានសារភាពប្រាប់ថា នាងគឺជាម្តាយរបស់ក្មេងនេះ ហើយនាងបានព្យាយាមប៉ុនប៉ងយកគេទៅកប់ដើម្បីសម្លាប់ចោល។

ថ្លែងប្រាប់សមត្ថកិច្ច ក្មេងស្រីដែលជាម្តាយវ័យក្មេងរូបនោះ បានឲ្យដឹងបន្តទៀតថា នាងពិតជាមានការភ័យខ្លាច ព្រោះតែខ្លាចគ្រួសាររបស់នាង ពិសេសខ្លាចឪពុករបស់នាងវាយនាង ប្រសិនណាបើគាត់ដឹងថា នាងមានកូនជ្រុលជ្រួសបែបនេះ។

បើទោះបីជាយ៉ាងណាក្តី ប្រភពដដែលបន្តថា ក្រោយបញ្ចប់ការសួរនាំ និងស្រាវជ្រាវយ៉ាងជាក់លាក់ នៅទីបំផុតគ្រួសាររបស់នាង ក៏បានស្នើសុំយកទារកនោះទៅចិញ្ចឹមវិញផងដែរ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ប្រភពពុំបានទម្លាយឲ្យដឹងពីមូលហេតុពិតប្រាកដ ពាក់ព័ន្ធទៅនឹងដំណើរដើមទង រហូតឈានដល់ការមានផ្ទៃពោះរបស់ក្មេងស្រី១៥ឆ្នាំ ខាងលើនេះនោះទេ

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ឆ្កែ Ping Pong (អាយុ៦ឆ្នាំ) វិញ មានម្ចាស់ចិញ្ចឹមឈ្មោះលោក Usa Nisaika អាយុ ៤១ឆ្នាំ។ ហើយក្រោយកើតមានរឿងរ៉ាវបែបនេះ វាក៏ត្រូវបានអ្នកស្រុកជាច្រើន ដាក់រហស្សនាមឲ្យវាជាវីរបុរសជួយសង្គ្រោះដ៏អស្ចារ្យថែមទៀតផង។

លោក Usa ជាម្ចាស់បាននិយាយថា Ping Pong វាធ្លាប់ត្រូវបានឡានបុក រហូតបាក់ជើងក្រោយ១។ ប៉ុន្តែមិនថាយ៉ាងណា លោកនៅតែចិញ្ចឹមវា ដោយមិនបោះបង់ដូចម្ចាស់ដទៃទេ ព្រោះតែវាគឺជាឆ្កៃដ៏ស្មោះត្រង់នឹងម្ចាស់ ចេះស្តាប់បង្កាប់ ហើយវាក៏ជាឆ្កែដែលតែងតែទៅតាមលោក នៅរាល់ពេលដែលលោកចេញទៅមើលគោក្របីផងដែរ។

លោក Usa ថា Ping Pong ជាឆ្កែដ៏ឆ្លាត ហើយអ្នកភូមិជាច្រើនស្រលាញ់ចូលចិត្តវាណាស់។ ជាពិសេស ថ្មីៗនេះវាថែមទាំងជួយរកឃើញទារកនោះទៀតផង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *