(ម៉ិចស៊ីកូស៊ីធី)៖ ប្រធានពន្ធនាគារមួយកន្លែង ស្ថិតក្នុងរដ្ឋ Baja California Sur នៃប្រទេសម៉ិចស៊ីកូ បានបាត់បង់ជីវិត នៅពេលដែលទណ្ឌិតមួយក្រុម បានព្យាយាមហែកគុករត់ចេញ ក៏ប៉ុន្តែអ្វីដែលចម្លែក គឺថាអ្នកទោសទាំងប៉ុន្មាននោះពុំបានប៉ះពាល់លោកមេគុករូបនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។

លោក Julian Anguiana Diaz ប្រធានពន្ធនាគារនៃទីក្រុង San José Del Cabo ក្នុងរដ្ឋ Baja California Sur ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត នៅពេលដែលអំពើហិង្សាប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅក្នុងពន្ធនាគារ រវាងឆ្មាំការពារគុក និងពួកអ្នកទោស នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅម៉ិចស៊ីកូ)។

 

ឧប្បដិហេតុខាងលើ បានកើតមានឡើង នៅពេលដែលទណ្ឌិតមួយក្រុម បានប៉ុនប៉ងគេចខ្លួនពីមន្ទីរឃុំឃាំង ហើយប្រើអំពើហិង្សាទៅលើមន្រ្តីសន្តិសុខពន្ធនាគារ។ កម្លាំងសន្តិសុខ ក៏បានវាយបកដោយបាញ់ប្រហារតបតទៅវិញ ហើយជាលទ្ធផលបានបណ្តាលឲ្យអ្នកទោសម្នាក់ស្លាប់ និងម្នាក់ទៀតរបួស។

ដោយឡែក ស្របពេលដែល ហេតុការណ៍ដ៏ក្តៅគគុកនេះ កំពុងប្រព្រឹត្តទៅយ៉ាងកក្រើកពេញពន្ធនាគារ មេគុក Diaz ក៏ស្រាប់តែកើតមានអាការៈគាំងបេះដូង ក្រោយជ្រាបពីដំណឹងនៃការព្យាយាមហែកគុកគេចខ្លួន របស់ពួកទណ្ឌិត ហើយដាច់ខ្យល់ស្លាប់មួយរំពិចនៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរជម្រាបថា កម្លាំងសន្តិសុខពន្ធនាគារ ក៏បានគ្រប់គ្រងស្ថានការណ៍ចលានានេះជាប់វិញ ហើយអ្នកទោសទាំងត្រូវបាននាំយកទៅកាន់បន្ទប់រៀងៗខ្លួន៕

LEAVE A REPLY