(ភ្នំពេញ)៖ ទីបំផុតក្រុមព្រះខ័នរាជស្វាយរៀង បានលើកពានសម្តេចតេជោ ហ៊ុន សែន-Hun Sen Cup ជាថ្មីម្តងទៀតហើយ បន្ទាប់ពីយកឈ្នះក្រុមណាហ្គាវើល ដោយលទ្ធផល ៣-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ លើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះ ហើយក៏ជាប្រវត្តិសាស្ដ្រច្រំដែលផងដែរ ដែលក្រុមលោក សំ វ៉ាន់ដេត បានផ្ដួលក្រុមលោក មាស ចាន់ណា ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីលើកពានមួយនេះ ។

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានបំប៉ោងសំណាញ់ទីក្រុមណាហ្គាវើល ២គ្រាប់នៅតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ សុក សំណាង នៅនាទី២១ និងនាទី៣១ ។ លុះចូលតង់ទី២ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងដដែល បានបន្ថែម ១គ្រាប់ទៀត ដែលរកបានដោយកីឡាករ ហ៊ួយ ផល្លីន នៅនាទី៦៥ ។ រីឯក្រុមណាហ្គាវើល បានត្រឹមខកចិត្តប៉ុណ្ណោះ ក្រោយព្យាយាមវាយបក តែមិនបានសម្រេច ធ្វើឲ្យចប់ការប្រកួតព្រះខ័នរាជស្វាយរៀង យកឈ្នះ ៣-០។

សូមបញ្ជាក់ថា នេះគឺជាលើកទី៤ ហើយ ដែលក្រុមព្រះខ័នរាជស្វាយរៀង បានគ្រងតំណែងជើងឯកពានរង្វាន់ Hun Sen Cup ហើយក៏ជាលើកទី៣ ផងដែរ ដែលក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមណាហ្គាវើល ក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈលទ្ធផលជួបគ្នាកាលពី ២លើកមុន គឺក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមណាហ្គាវើល ដោយលទ្ធផល ២-១ ដូចគ្នា កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៥៕

LEAVE A REPLY