លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ប្រទេស​វៀតណាម ជួយ​ផ្ដល់​ព័ត៌មាន និង​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌​ដល់​កម្ពុជា។ រី​ឯ​អ្នក​វិភាគ​យល់​ថា លោក ហ៊ុន សែន កំពុងតែ​ភ័យខ្លាច​បាត់បង់​អំណាច​តាម​រយៈ​ការ​បោះឆ្នោត ទើប​ពង្រឹង​កិច្ច​សហការ​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ដើម្បី​កម្ចាត់​ក្រុម​អ្នក​រិះគន់ និង​បក្ស​ប្រឆាំង ក្រោម​ការ​ចោទ​ថា បដិវត្តន៍​ពណ៌។

ការ​ស្នើ​សុំ​ឲ្យ​វៀតណាម ជួយ​បណ្ដុះបណ្ដាល ផ្តល់​ព័ត៌មាន និង​ចែករំលែក​ទៅ​វិញ​ទៅ​មក​អំពី​បទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

​លោក ង្វៀន ជីវិញ កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១៧ នេះ។ ទាក់ទង​នឹង​ការ​ចែក​រំលែក​បទពិសោធន៍​នៃ​យុទ្ធសាស្ត្រ​កម្ទេច​បដិវត្តន៍​ពណ៌​នេះ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម ក៏​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ដែរ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​ធ្នូ។

​ក្រៅ​ពី​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​ដែរ​ទាក់ទង​នឹង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា កិច្ច​សហប្រតិបត្តិការ​ល្បាត​លើ​ដែន​សមុទ្រ កិច្ច​សហប្រតិបត្តិការ​លើ​ការ​ការពារ​នៅ​តាម​ព្រំដែន ព្រម​ទាំង​ជំរុញ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ៤ រួមមាន កម្ពុជា ឡាវ វៀតណាម និង​ប្រទេស​ចិន។

​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន កំពុងតែ​ភ័យ​ខ្លាច​បាត់បង់​អំណាច​យ៉ាង​ខ្លាំង ដូច្នេះ​ហើយ​ទើប​លោក​ចាត់​ទុក​ការ​ប្រើប្រាស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​តាម​រយៈ​សន្លឹកឆ្នោត​នោះ​ថា ជា​អំពើ​បដិវត្តន៍​ពណ៌​ទៅ​វិញ ហើយ​ខំ​ប្រឹង​សហការ​ជាមួយ​ប្រទេស​កុម្មុយនិស្ត ដូចជា​ចិន និង​វៀតណាម ជាដើម៖ «»។

បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា បាត់​បង់​សំឡេង​ឆ្នោត​យ៉ាង​សន្ធឹកសន្ធាប់​ទៅ​លើ​បក្ស​ប្រឆាំង និង​ប្រឈម​ការ​បាត់​បង់​អំណាច​នោះ លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​បី​ទសវត្ស​​មក​ហើយ​នេះ បាន​ប្រើ​នយោបាយ​ចោទ​ប្រកាន់​តាម​ទំនើង​ចិត្ត​លើ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ថា​បាន​ឃុបឃិត​គ្នា​ធ្វើ​បដិវត្តន៍​ពណ៌​ដោយ​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​២០១៣ ក្រោម​រូបភាព​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​មាន​សហរដ្ឋអាមេរិក នៅ​ពី​ក្រោយ។

បន្ទាប់​មក នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នេះ លោក ហ៊ុន សែន បានចាប់ផ្តើម​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ជា​បន្តបន្ទាប់​ដូចជា​ការ​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ ហើយ​ប្ដឹង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ បិទ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។

ទោះយ៉ាងណា គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ និង​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ព្រោះ​ពួកគេ​ចាត់​ទុក​ថា វា​ជា​លេស​កម្ចាត់​សំឡេង​ក្រុម​អ្នក​រិះគន់ និង​គណបក្ស​ប្រឆាំង​ចោល​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ ក្នុង​បំណង​ក្ដោបក្ដាប់​អំណាច​ត​ទៅ​ទៀត។ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស គោរព​ច្បាប់ និង​សិទ្ធិមនុស្ស គឺ​រដ្ឋាភិបាល​ត្រូវ​ឈប់​គិត​អំពី​រឿង​បដិវត្តន៍​ពណ៌ ព្រោះ​ប្រទេស​សេរី គ្មាន​ច្បាប់​ណា​អនុញ្ញាត​អោយ​ប្រើ​កងកម្លាំង​បង្ក្រាប​លើ​បដិវត្តន៍​ពណ៌​នោះ​ឡើយ ពោល​គឺ​មាន​តែ​ប្រទេស​កុម្មុយនិស្ត​នោះ​ទេ។ ​លោក​ថា រដ្ឋាភិបាល​ត្រូវ​តែ​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ កតិកាសញ្ញា និង​អនុសញ្ញា​អន្តរជាតិ​នានា ដែល​បាន​ទទួល​ស្គាល់​ថា ជា​ច្បាប់​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ ដើម្បី​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌ រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​មាន​នីតិរដ្ឋ តុលាការ​ឯករាជ្យ និង​យុត្តិធម៌​-​សង្គម​ជាដើម។

កម្ពុជា-​វៀតណាម​បង្កើន​ការ​សាងសង់​បង្គោល​ព្រំដែន​ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ប្រទេស​វៀតណាម ជួយ​ផ្ដល់​ព័ត៌មាន និង​ចែករំលែក​បទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​បដិវត្តន៍​ពណ៌​ដល់​កម្ពុជា​នោះ ប្រទេស​ទាំង​ពីរ​ក៏​កំពុង​បង្កើន​ការ​សាងសង់​បង្គោល​ព្រំដែន​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ដាក់ឡាក់-​ដាក់ណុង ប៊ិនភឿក របស់​វៀតណាម។ ជាង​នេះ​ទៅ​ទៀត កម្ពុជា ក៏​កំពុង​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​មួយ​នៅ​តំបន់​នេះ​ផង​ដែរ ដើម្បី​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន។

​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ដកស្រង់​សម្ដី​របស់​អ្នកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ឱ្យ​ដឹង​ថា កម្ពុជា-​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​ធំ ឬ​បង្គោល​ព្រំដែន​គោល​បាន​ចំនួន ៧៣​ភាគរយ​ហើយ​រហូត​ដល់​ពេល​នេះ។ អ្នកស្រី​បន្ត​ថា ការ​បោះ​បង្គោល​ព្រំដែន​បំពេញ​បន្ថែម ត្រូវ​បាន​សាងសង់​ចំនួន ៤៨​ភាគរយ ហើយ​នៅ​សល់ ៥២​ភាគរយ​ទៀត ដែល​ភាគី​ទាំង​ពីរ​កំពុង​បន្ត​ការ​សាងសង់។

​អ្នកស្រី​បាន​បញ្ជាក់​ថា ភាគី​កម្ពុជា-​វៀតណាម ពេល​នេះ​កំពុងតែ​បង្កើន​សកម្មភាព​ក្នុង​ការ​សាងសង់​បង្គោល​ព្រំដែន នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ទាំង​អស់ ហើយ​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​គោក​វិញ ក៏​ត្រូវ​បាន​បញ្ចប់​នៅ​តាម​តំបន់​ខ្លះ​ផង​ដែរ។ រហូត​ដល់​ពេល​នេះ ការ​រៀបចំ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម បាន​រួចរាល់​ចំនួន​ជាង ៨៤​ភាគរយ​ហើយ​ក្នុង​ចំណោម​ព្រំដែន​សរុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភព៖ RFA

LEAVE A REPLY