(ភ្នំពេញ)៖ មុននេះបន្តិចគូស្នេហ៍វ័យជ្រេរ រវាងតារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង កំពុងតែបង្កមន្ទិល ឲ្យមានចម្ងល់ជាច្រើន សម្រាប់ទស្សនិកជន ចំពោះតម្រុយនៃថ្ងៃអាពាហ៍ពិពាហ៍ របស់ពួកគេទាំងពីរ ខណៈកន្លងមកអ្នកទាំងពីរ ពុំធ្លាប់ប្រកាសពីមង្គលការ ម្ដងណានោះឡើយ។

ការបង្ហាញពីតម្រុយ ដែលអាចនឹងឈានដល់ ពិធីមង្គលការនាពេលឆាប់ៗ ខាងមុខនេះ គឺកើតឡើងភ្លាមៗ បន្ទាប់ពីលោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយសារស្រដៀងៗគ្នា អំពីការរៀបចំ នៃពិធីអាពាហ៍ពិពាហ៍ ប៉ុន្តែពុំទាន់មានការបញ្ជាក់ច្បាស់ទេថា វាជាការពិត ឬមួយយ៉ាងនោះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក ហេង ឡុង ថ្មីៗនេះ បានសរសេរពាក្យមួយប្រយោគ ហាក់មានបំណងចង់ប្រាប់ ឲ្យមហាជនបានដឹងបែបនេះថា «ឆ្លៀតឲ្យហើយទាន់មានឱកាស ព្រោះជិតដល់ចូលរោងផង!»។ ដោយឡែក បើងាកទៅចាប់អារម្មណ៍ភាគីខាងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ឯណោះវិញ ក៏បាននិយាយដែរថា «បច្ចុប្បន្នក្រៅពីរវល់ការងារ នាងក៏កំពុងញាប់ដៃញាប់ជើង ដើម្បីរៀបចំធៀបការ»។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា «វីវក់រឿងធៀបការផង ជិតដល់ហើយថ្ងៃទី១៨ខែមករា នេះហើយ។ ហ៊ឺម តែនិយាយពីរវល់នោះរវល់ រវល់រៀបចំក្រុម Model សម្រាប់កម្មវិធីបុណ្យសមុទ្រផង រៀបចំម៉ូតសម្លៀកបំពាក់ឲ្យ Model ផង ចូលរួមការងារសមាគមផង ចូលរួមញ៉ាំការ ជប់លៀង ខួបកំណើត សម្ពោធនេះ សម្ពោធនោះ ជាពិសេស រវល់ថតកុន ទៅណាទៅណីខ្លះទេខ្ញុំ!»។

ជាមួយគ្នា នៃការបង្ហើបពីសំណាក់លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា នេះដែរ ភ្លាមៗនោះ មានមហាជនជាច្រើន បានលើកចោទជាសំណួរថា តើអ្នកទាំងពីរពិតជារៀបការជាមួយគ្នាមែន ឬមួយយ៉ាងណា? ប៉ុន្តែរហូតមកទល់ពេលនេះ គឺពុំទាន់មានចម្លើយណាមួយបញ្ជាក់ទេថា ពួកគេពិតជារៀបការ ជាមួយគ្នាមែននោះ៕

ប្រភព៖ Khmertalking

LEAVE A REPLY