មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ហៅ​ការ​បិទ​លិខិតឆ្លងដែន​ការទូត​របស់​មន្ត្រី​គណបក្សប្រឆាំង​ថា ជា​ការ​ធ្វើ​តាម​អារម្មណ៍​របស់​អ្នកនយោបាយ ឬ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ គឺ​បង្ហាញ​ពី​ភាព​មិន​ឯករាជ្យ​របស់​ស្ថាប័ន​របស់​រដ្ឋ​ទៀត​ផង។ ការ​លើកឡើង​នេះ ក្រោយពេល​ក្រសួងការបរទេស និង កិច្ច​សហប្រតិបត្តិការ​កម្ពុជា បាន​ចេញ​លិខិត​លុបចោល​លិខិតឆ្លងដែន​ការទូត​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៥០​រូប។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ហាក់​មិន​ចាប់អារម្មណ៍ ចំពោះ​សេចក្ដី​ប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា ដែល​សម្រេច​លុបចោល​លិខិតឆ្លងដែន​ការទូត របស់​មន្ត្រី​គណបក្សប្រឆាំង។ ពួកគេ​យល់ថា​ស្ថាប័ន​ជាតិ​របស់​កម្ពុជា​គ្មាន​ឯករាជ្យ ហើយ​តែងតែ​ធ្វើតាម​អារម្មណ៍ របស់​អ្នកនយោបាយ ឬ​បុគ្គល​ម្នាក់។​ ដូច្នេះ​គ្មាន​អ្វី​ប្លែក​នោះ​ទេ។

សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត មាន​ប្រសាសន៍​ថា ដោយសារ​ប្រទេស​កម្ពុជា គ្មាន​ស្ថិរភាព​នយោបាយ ទើប​បណ្តាល​ឱ្យ​ច្បាប់ទម្លាប់​ទាំងឡាយ តែង​វិវត្ត តាម​ការ​ចង់​បាន​របស់​បុគ្គល​ម្នាក់។ លោក​ហៅ​ការលុបចោល​លិខិតឆ្លងដែន​ការទូត ពី​សំណាក់​ក្រសួង​ការបរទេស​កម្ពុជា ថា​ជា​រឿយ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ទាំងស្រុង៖ «មិន​អាច​ធ្វើ​ទៅ​អីចឹង​បានទេ។ បើ​ទោះ​បី​ខ្ញុំ​អស់​អាណត្តិ​អស់​អី​ក៏ដោយ ប៉ុន្តែ​ត្រូវការ​រង់ចាំ​អស់​សុពលភាព​ប៉ាស្ព័រ​ហ្នឹង​ដែរ។ បើ​វា​មិនទាន់​ផុត​ផង ហើយ​យើង​ទៅ​លុប​ទៅ​អី​មុន វា​ខុសច្បាប់​ទាំងស្រុង​ហើយ​អាហ្នឹង វា​មិន​ត្រឹមត្រូវ​ទាល់តែសោះ​។ ហើយ​បើ​និយាយ​ពី​ផ្លូវច្បាប់ វា​ខុស​តាំងពី​លុប​ពួក​ខ្ញុំ​ចេញ មិន​ឱ្យ​ធ្វើ​នយោបាយ​ឡើង»។

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពេលនេះ ក្រោយពេល​ក្រសួងការបរទេស និង​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា បាន​ចេញ​លិខិត​កាលពី​ថ្ងៃ​ទី២៤ វិច្ឆិកា សម្រេច​លុបចោល​លិខិតឆ្លងដែន​ការទូត របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៦ រូប ។ ក្នុង​នោះ​ភាគច្រើន​ជា​អ្នកតំណាងរាស្ត្រ និង​មាន​មួយ​ចំនួន​ជា​សមាជិក​ព្រឹទ្ធសភា។

លិខិត​ឆ្លងដែន​ការទូត ជា​លិខិត​ឆ្លងដែន​មួយ​ប្រភេទ ដែល​ផ្ដល់​ជូន​មន្ត្រី​រាជរដ្ឋាភិបាល ដែល​មាន​តំណែង​ធំៗ សម្រាប់​ភាព​ងាយស្រួល នៅ​ពេល​ចេញ​ចូល​ទៅ​ក្រៅ​ប្រទេស។

មន្ត្រី​គណបក្ស​ប្រឆាំង​ដដែល គ្មាន​គម្រោង​ប្ដឹង​តបត​ទៅ​នឹង​ការសម្រេច​នេះ​ទេ ត្បិត​ពួក​លោក​បាន​ដឹង​ច្បាស់​ទៅ​ហើយ ថា​មិន​អាច​តវ៉ា​អ្វី​បាន​នោះ​ឡើយ បើ​គេ​សម្រេច​ហើយ គឺ​ចប់​និយាយ​ត្រឹម​ប៉ុណ្ណឹង។ លោក​បញ្ជាក់​ទៀត​ថា តំណាងរាស្ត្រ និង​មន្ត្រី​គណបក្សប្រឆាំង​ផ្សេងទៀត គឺ​មាន​អារម្មណ៍ មិន​ខុស​ពី​លោក​នោះ​ទេ ពោល​គឺ​អារម្មណ៍​អយុត្តិធម៌​ហួស​នឹង​ថ្លែង។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា ចំណាត់ការ​បែប​នេះ ជា​ការ​អនុវត្ត​ការងារ​មួយ​តាម​ទម្រង់​រដ្ឋបាល ពីព្រោះ​នៅ​ពេល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​ជា​តំណាងរាស្ត្រ ឬ​លែង​ជា​សមាជិក​ព្រឹទ្ធសភា​ហើយ គេ​អាច​និរាករណ៍ រាល់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​មុខតំណែង​បាន ប៉ុន្តែ​ពួកគាត់ នៅតែ​អាច​ប្រើប្រាស់​លិខិតឆ្លងដែន​ធម្មតា ក្នុងនាម​ពលរដ្ឋ​ទូទៅ​បាន៖ «អីចឹង​ខ្ញុំ​យល់ថា អតីត​អ្នកតំណាងរាស្ត្រ​ទាំងនោះ គាត់​នៅតែ​អាច​ប្រើ​លិខិតឆ្លងដែន ដែល​មិនមែន​ជា​លិខិតឆ្លងដែន​ការទូត ដែល​គេ​ហៅថា​លិខិតឆ្លងដែន​ផ្ទាល់ខ្លួន​បាន​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ»។

ក្នុង​រយៈពេល​ជិត ៥​ឆ្នាំ បន្ទាប់​ពី​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥ បញ្ចប់​ទៅ កាលពី​ឆ្នាំ​២០១៣ គេ​សង្កេតឃើញ​ថា លទ្ធផល​នៃ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​មាន​តិចតួច ហើយ​ការងារ​របស់​អ្នកតំណាងរាស្ត្រ មិនបាន​ធ្វើ​អ្វី​ជា​ដុំកំភួន​សម្រាប់​ពលរដ្ឋ​ទេ។ ជាក់ស្ដែង​គ្រាន់តែ​បោះឆ្នោត​រួច ជាប់​គាំង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​រហូត​ជាង ១​ឆ្នាំ ហើយ​បន្ទាប់ពី​អ្នកនយោបាយ​ចាប់​ដៃ​គ្នា​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ការ​ធ្វើ​ទុក្ខបុកម្នេញ ទៅ​លើ​មន្ត្រី​គណបក្សប្រឆាំង សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ពិសេស​ទៅលើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចាប់​ផ្ដើម​កើតមានឡើង រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន លោក កឹម សុខា។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល​បានសម្រេច​មហិច្ឆតា​របស់​ខ្លួន ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ទាំងស្រុង កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ហើយ​យក​កៅអី​គណបក្សប្រឆាំង​មួយ​នេះ ទៅ​បែងចែក​ឱ្យ​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​មិនបាន​បោះឆ្នោត​ឱ្យ​ទាល់តែសោះ។ ពលរដ្ឋ​ខ្លះ​លើកឡើង​ថា បើ​បោះឆ្នោត​រួចហើយ មិនបាន​ធ្វើ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន និង​សន្តិភាព​ពិតប្រាកដ​ទេ បែរជា​បង្ក​ឱ្យ​ពលរដ្ឋ​មានតែ​ការ​ព្រួយបារម្ភ ពី​ស្ថានភាព​ស្រុកទេស​ឥត​ឈប់ឈរ​ដដែល គឺ​មិន​ចាំបាច់​មានការ​បោះឆ្នោត​ល្អ​ជាង។

ស្ថានភាព​នយោបាយ​ចុងក្រោយ​នេះ លោក សន ជ័យ មើល​ឃើញ​ថា កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​រយៈពេល​វែង ពិសេស​ប៉ះពាល់​លើ​ទំនាក់ទំនង​អន្តរជាតិ ព្រមទាំង​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​ដៃគូ​ម្ចាស់​ជំនួយ​ដែល​ផ្ដល់​ជូន​ប្រទេស​កម្ពុជា ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ជាដើម៕

ប្រភព៖ RFA

LEAVE A REPLY