អ្នកវិភាគ​មើល​ឃើញ​ចំណុច​អវិជ្ជមាន​ជា​ច្រើន អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​បក្ស​កុម្មុយនិស្ត​ចិន បាន​ប្រកាស​ស្ម័គ្រចិត្ត ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ​សម្រាប់​គណបក្សកាន់អំណាច។

ថ្វី​ត្បិត​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពេញចិត្ត​ពេញ​ថ្លើម​នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ ដក​ខ្លួន​ចេញ​ពី​កម្ពុជា ហើយ​ចិន​ស្ម័គ្រចិត្ត​ចូលខ្លួន​មក​ក្ដី ប៉ុន្តែ​សម្រាប់​អ្នក​តាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​កម្ពុជា ហាក់​មិន​ពេញចិត្ត​ឡើយ។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល​ខ្មែរ ផ្ដេក​ខ្លួន​ទៅលើ​ប្រទេស​ចិន​ខ្លាំង នឹង​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ច្រើន​តាម​បទពិសោធន៍​កន្លង​​មក ព្រោះ​ចិន​គឺជា​ប្រទេស​កុម្មុយនិស្ត មាន​គោលនយោបាយ​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​តវ៉ា។ លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា​-​ចិន​បច្ចុប្បន្ន​នេះ មាន​ផល​ប៉ះពាល់​ពីរ អាច​កើតឡើង គឺ​ទី​១ ប្រសិនបើ​ចិន ផ្ដល់​ការ​គាំទ្រ​ច្រើន ហើយ​ការដឹកនាំ របស់​រដ្ឋាភិបាល​ខ្មែរ មិនបាន​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គេ​ទៅវិញ​ទេ ដូច្នេះ​នាំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ផ្សេងៗ ដូច​នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ (Zimbabwe) ដែរ ដែល​ចិន​ធ្លាប់​ជួយ​គាំទ្រ។ ចំណែក​ទី​២ ទំនាក់ទំនង​នេះ ក៏​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដែរ ហើយ​រដ្ឋាភិបាល នឹង​បាត់បង់​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង។ «»

ប្រព័ន្ធ​ឃោសនា​របស់​លោក​ហ៊ុន សែន បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ថា បក្ស​កុម្មុយនិស្ត​ចិន បាន​ប្រកាស​យ៉ាង​មហោឡារិក​ថា នឹង​ធ្វើជា​បង្អែក​ដ៏​រឹងមាំ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស​ប្រកបដោយ​សុខ​សន្តិភាព និង​ទទួល​បាន​កាន់តែ​អភិវឌ្ឍ​រីកចម្រើន​ថែមទៀត។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន លោក សុង ថាវ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ការប្រកាស​គាំទ្រ​របស់​ចិន​នៅ​ពេល​នេះ គឺ​បន្ទាប់ពី​អង្គការ​ជាតិ អន្តរជាតិ និង​ប្រទេស​លោក​សេរី ជាច្រើន ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ព្រមាន​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ក្រោយពី​ចាប់ខ្លួន​លោក កឹម សុខា ហើយ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា បិទ​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​វិទ្យុ​ឯករាជ្យ​ជាដើម ដែល​គេ​យល់ថា កម្ពុជា​កំពុង​ដើរ​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ។

ដោយឡែក មជ្ឈដ្ឋាន​មួយ​ចំនួន​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម ក៏បាន​រិះគន់​ថា ដោយ​សារ​មាន​ចិន​ជា​បង្អែក​ដ៏​រឹងមាំ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​គណបក្ស​កាន់អំណាច ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​បែប​នេះ។ ពួកគេ​បន្ត​ថា ចំណុច​សំខាន់ គឺ​ប្រទេស​ចិន ចង់​ឲ្យ​ប្រទេស​កម្ពុជា​ប្រទេស​រណប​គេ តាម​បក្ស​កុម្មុយនិស្ត​របស់​ចិន​នេះឯង។ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​មក​ដល់​ពេល​នេះ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​សហរដ្ឋ​អាមេរិក ហើយ​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​គណបក្ស​សង្គ្រោះជាតិ ដោយ​ចោទ​ថា សកម្មភាព​បក្ស​នេះ​ពឹង​ពាក់​បរទេស ជាពិសេស​សហរដ្ឋអាមេរិក គឺជា​អំពើ​ក្បត់ជាតិ។ ប៉ុន្តែ​អ្នកលេង​បណ្ដាញ​សង្គម​សួរ​ទៅវិញ​ថា ចុះ​ការដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ពឹង​ពាក់​ចិន​ផ្កាប់មុខ​បែបនេះ ហើយ​ចិន​ប្រកាស​ជួយ​ក្ដែងៗ​បែបនេះ តើ​អាច​ចាត់ទុកថា នេះ​ជា​អំពើ​ក្បត់ជាតិ​ដែរ​ឬ​ទេ។

ទោះ​យ៉ាង​ណា​ក្ដី លោក​បណ្ឌិត មាស នី លើកឡើង​ថា លោក​មិន​ចង់​ឲ្យ​ខ្មែរ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ថា ក្បត់ជាតិ​នោះ​ទេ។ លោក​បាន​ផ្ដល់​អនុសាសន៍​ថា សម្រាប់​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា​នេះ គួរតែ រក្សា​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ទាំងអស់​ក្នុង​ពិភពលោក​ឲ្យ​មាន​តុល្យភាព ទើប​ធ្វើ​ឲ្យ​កម្ពុជា បាន​សុខ។ លោក​ថា ធ្វើជា​មេដឹកនាំ ត្រូវ​ចេះ​មើល​ខ្លួនឯង និង​ស្គាល់​ខ្លួនឯង​ឲ្យ​ច្បាស់ ហើយ​កុំ​រត់ ចេញពី​មួយ​ទៅ​ពឹង​មួយ​នោះ វា​នឹង​នាំ​កិត្តិយស​របស់​ប្រទេស​យើង មិន​សូវ​ខ្ពស់​មុខ​ខ្ពស់​មាត់​ដូច ប្រទេស​គេ​ក្នុង​តំបន់៕

ប្រភព៖ RFA

LEAVE A REPLY