តារាចម្រៀងរ៉េបប្រចាំផលិតកម្មហង្សមាស លោក ងួន ច័ន្ទដេវីត កាលពីម្សិលមិញនេះ បានប្រារព្ធធ្វើពិធីសូត្រមន្ត សិរីសួស្ដី លើករាសី ដើម្បីរើឥវ៉ាន់ មករស់នៅវីឡាថ្មី ដែលស្ថិតនៅក្នុងបុរីប៉េង ហួត ដែលដំណឹងមួយនេះ ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើកជាខ្លាំង។ យ៉ាងណាមិញ ជាមួយនឹងដំណឹងគួរឲ្យរីករាយជំនួសលោកដេ វីតនោះ ក៏ត្រូវបានអុ្នកម្ដាយរបស់លោកចូលរួមរីករាយ អបអរសាទរ និងមានក្ដីរំភើប ក្ដុកក្ដួលអារម្មណ៍ ដោយបានឃើញកូនរបស់ខ្លួន ទទួលបានលទ្ធផលល្អ និង ឆាប់រហ័ស ទាំងវ័យក្មេងបែបនេះ។

ជាការពិតណាស់ ទ្រព្យសម្បត្តិ កើតចេញពីញើសឈាម និងកម្លាំងពលកម្ម ដោយការប្រឹងប្រែងធ្វើការងារ តស៊ូជម្នះឧបសគ្គ គឺជារបស់ដែលមានតម្លៃបំផុត មិនអាចកាត់ថ្លៃបានសម្រាប់បុគ្គលទូទៅ។ ចំពោះតារាចម្រៀងបែបយុវវ័យ លោក ជី ដេវីត ក៏មិនខុសគ្នាប៉ុន្មានឡើយ លោកជាសិល្បករម្នាក់ តែងខិតខំ ស្វែងរក បង្កើតស្នាដៃថ្មីៗ ដើម្បីបម្រើសេចក្ដីត្រូវការរបស់មនុស្សនាពេល។ មួយវិញទៀត លោកក៏មានមុខរបរជំនូញមួយ បើកហាងលក់សំលៀកបំពាក់ផងដែរ។ ក្រោមរូបភាពទាំងនេះ ត្រូវបានគេចាត់ទុកថា លោកទទួលបានជោគជ័យទាំងវ័យក្មេង រហូតមានលទ្ធភាពទិញវីឡា និង ឡានជាកម្មសិទ្ធរបស់ខ្លួន។

នៅក្នុងនោះដែរ ម្ដាយរបស់លោក ដេវីត ដែលមានឈ្មោះថា អ្នកស្រី ច័ន្ទ សុខជា បានសរសេររៀបរ៉ាប់ទាំងអារម្មណ៍ក្ដុកក្ដួល រំភើប និងអូលដើមក ដែលឃើញកូនមានចិត្តតស៊ូ រហូតមានឡាន មានផ្ទះជារបស់ខ្លួន ដោយសរសេរនៅលើគណនីហ្វេសប៊ុកថា «ពេលនេះធំហើយ…ចេះហើយ…កំលោះហើយ…មានផ្ទះជារបស់ខ្លួនហើយ…មានអ្វីៗដែលល្អប្រសើរទៅមុខហើយ…បន្តិចទៀតក៏មានប្រពន្ធ..មានកូន..កូនខ្ញុំធំហើយហ្ន៎!!!!!!! នេះជាក្តីសុខរបស់ម៉ែហើយ…ម៉ែសប្បាយចិត្តណាស់! ដែលឃើញកូនធំជាមនុស្សចេះគិត..ចេះអធ្យាស្រ័យ..ឃើញកូនជោគជ័យ..ទោះជាមិនធំណាស់ណា..ទោះជាមិនមែនជាកំពូល..តែគិតមកដល់ពេលនេះ…វាជាលទ្ធផលជាទីគាប់ចិត្តហើយ! កូនចេះមើលថែយាយតា, មើលថែម៉ែ.. ប៉ា..ប្អូន..មានទឹកចិត្តជួយដល់បងប្អូនញាតិមិត្ត! សូមអោយកូនចំរើនៗ!»។

គួរបញ្ជាក់ថា លោក ជី ដេវីត បានប្រឡូកចូលសិល្បៈរយៈពេលជាច្រើនឆ្នាំមកហើយ ដោយបច្ចុប្បន្ននេះ ការងារសិល្បៈរបស់លោកកំពុងដំណើរការទៅមុខយ៉ាងរលូន ព្រមទាំងទទួលប្រជាប្រិយភាព ស្ទើរមិនគូរឲ្យជឿ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ បន្ថែមពីលើនេះ លោកក៏បានបញ្ចេញស្ទីលរាំប្លែកៗជាច្រើន ដែលទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន មិនតិចនាក់ផងដែរ៕

LEAVE A REPLY