(ភ្នំពេញ)៖ វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ២ជំនាន់ នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតជម្រុះថ្ងៃដំបូង នៅក្នុងការប្រកួតកីឡាប៉េតង់ (ប៊ូល) ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៧ នៅទីក្រុង Kaihua សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៨ ខែវិច្ឆិកានេះហើយ។ នេះបើតាមការឲ្យដឹងពីមន្ដ្រីគ្រូបង្វឹករបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

សម្រាប់ជើងឯកកីឡាប៉េតង់ពិភពលោក ឆ្នាំ២០១៧ ដែលចិនធ្វើជាម្ចាស់ផ្ទះ គឺមានអត្តពលិកជិត ៥០ប្រទេសចូលរួម ខណៈកម្ពុជាបានបញ្ជូនកីឡាការិនីឆ្នើម ៤រូប ទៅចូលរួម គឺមានវីរកីឡាការិនី កែ ឡេង, វីរកីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម។ ប៉ុន្ដែថ្ងៃនេះ ម្ចាស់មេដាយមាស ២ជំនាន់លោកស្រី កែ ឡេង ត្រូវធ្វើការប្រកួតមុនគេលើវិញ្ញាសា Shooting ដើម្បីការពារមេដាយមាសពិភពលោកជាលើកទី២ បន្ទាប់ពីទទួលបានជោគជ័យក្នុងការការពារលើកទី១ នៅថៃកាលពីឆ្នាំ២០១៥។

មុនចេញដំណើរលោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា បានបង្ហាញភាពជឿជាក់ខ្ពស់លើវីរកីឡាការិនី កែ ឡេង ដោយសង្ឃឹមយ៉ាងមុតមាំថា កីឡាការិនីចាស់វស្សារូបនេះ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារមេដាយមាសពិភពលោកដោយជោគជ័យជាលើកទី២។

រីឯវិញ្ញាសាប្រកួតនារី ៣នាក់ ទល់នឹង ៣នាក់ ក៏ក្រុមកីឡាការិនីកម្ពុជាមានទំនុកចិត្តក្នុងការស្វែងរកមេដាយជូនជាតិផងដែរ បើទោះបីវិញ្ញាសានីមួយៗ ក្រុមកីឡាការិនីកម្ពុជា ត្រូវឆ្លងកាត់ឧបសគ្គច្រើនយ៉ាងណាក៏ដោយ៕

LEAVE A REPLY