អ្នកប្រដាល់ថៃ បូខាវ បានចាមេក (Buakaw Banchamek) ដែលជនជាតិថៃជាច្រើនស្រឡាញ់ចូលចិត្តចំពោះការបន្ទាបខ្លួនឱនលំទោនមិនចេះវាយឫកនោះ ត្រូវបានបួសជាសង្ឃនៅក្នុងវត្តមួយនៅក្រុងបាងកកនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩តុលានេះ។ អ្នកប្រដាល់រូបនេះនិយាយថា គាត់មានបំណងស្នាក់នៅក្នុងវត្តអារាមរយៈពេល៩ថ្ងៃដើម្បីជាការឧទ្ទិសដល់សពព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ។

អ្នកប្រដាល់វ័យ ៣៥ ឆ្នាំរូបនេះបានឆ្លងកាត់ពិធីកោរសក់ក្លាយជាព្រះសង្ឃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅវត្តបាងវ៉ែកក្នុងតំបន់ព្រះសីចម្រើន ដោយមានមិត្តភក្តិនិងអ្នកគាំទ្រចូលរួមជាច្រើននាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គាត់ បូខាវក៏បានសុំខមាទោសពីអ្នកដែលគាត់បានប្រព្រឹត្តខុសឆ្គងដាក់ផងដែរ។ វាជាប្រពៃណីសម្រាប់អ្នកដែលចូលទៅបួសជាព្រះសង្ឃ។

អ្នកគាំទ្ររាប់ពាន់នាក់បានជូនពរដល់បូខៅនៅលើហ្វេសប៊ុក។ មនុស្សជាច្រើនបានកោតសរសើរគាត់មិនត្រឹមតែជាអត្តពលិកដ៏អស្ចារ្យនោះទេ ប៉ុន្តែក៏ជាមនុស្សមានចិត្តល្អផងដែរ៕

LEAVE A REPLY