បន្ទាប់ពីទស្សនិកជនភាគច្រើន បានសម្តែងនូវការព្រួយបារម្ភ ខ្លាចចម្រៀងប្រពៃណីខ្មែរបាត់បង់ ដោយសារថ្មីៗនេះ ស្ទើរគ្រប់ផលិតកម្មចម្រៀងនៅកម្ពុជា ចេញចម្រៀងមកភាគច្រើនសុទ្ធសឹងតែជា ប្រភេទញាក់កន្ត្រាក់អារម្មណ៍ ដែលយុវវ័យហៅថា បទបែកស្លុយ បានកើនឡើងយ៉ាងគំហុក ខណៈចង្វាក់ប្រជាប្រិយ ដូចជារាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ហាក់អន់ថយប្រជាប្រិយភាព។ យ៉ាងណាមិញ តារាសម្តែង និងជាតារាចម្រៀង ដែលពោរពេញដោយសតម្ថភាពផ្នែកសិល្បៈ អ្នកនាង ទូច ស្រីល័ក្ខ ក៏មានការព្រួយបារម្ភ មិនខុសគ្នាពីទស្សនិកជនដែរ ខណៈនាង បានស្នើឲ្យប្រជាជនខ្មែរ ជាពីសេសយុវវ័យ ងាកមករកចង្វាក់ប្រពៃណីវិញម្តង ដើម្បីកុំឲ្យប្រទេសជិតខាងថា ចូលឆ្នាំខ្មែរខ្លួនឯង មិនចេះរាំបទខ្លួនឯង។

ទន្ទឹមនឹងគ្នានេះ អ្វីដ៏គួរឲ្យព្រួយបារម្ភខ្លាំងបំផុតនោះ គឺប្រទេសឡាវ កំពុងស្នើសុំទៅ UNESCO ដាក់ចង្វាក់រាំវង់ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលករណីនេះ ធ្វើឲ្យប្រជាជន ក៏ដូចយុវជនខ្មែរភាគច្រើន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ខណៈចង្វាក់រាំវង់ ក្បាច់ សារ៉ាវ៉ាន់ ជាចង្វាក់ប្រពៃណីខ្មែរ តាំងពីបុរាណមកម្ល៉េះ។

ជាក់ស្តែង តាមរយៈការបង្ហោះចម្រៀងថ្មីរបស់ខ្លួន ដែលជាចង្វាក់ប្រពៃណី តារាស្រីខ្មៅស្រអែម អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរភ្ជាប់នូវសារ ដាស់តឿន ក៏ដូចជាសំណូមពរ ដល់ប្រជាជនខ្មែរថា «ចប់ហើយចង្វាក់រាំវង់ ប្រពៃណីជាតិយើង ជាចង្វាក់រាំប្រពៃណីដ៏ល្បីមួយ ជាសម្បត្តិបេតិកភណ្ឌរបស់ប្រទេសជាតិយើង ត្រូវបានប្រទេសឡាវ កំពុងដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយ»។

អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរបន្តថា « សូមបងប្អូនយើងអើយ ងាកមករាំវង់ឡាំលាវ សារ៉ាវ៉ាន់ តាលុង យើងវិញម្តងទៅ គ្មានអីល្អជាងចង្វាក់ របស់ជាតិយើងទេ ចូលឆ្នាំខ្មែររបស់យើង ជិតមកដល់ហើយ រាំវង់ទាំងអស់គ្នាបងប្អូនយើង កុំឲ្យប្រទេសជិតខាងយើងគេថា ចូលឆ្នាំខ្មែរខ្លួនឯង មិនចេះរាំបទខ្លួនឯង»។

គួរបញ្ជាក់ថា ចម្រៀងថ្មីរបស់ អ្នកនាង ទូច ស្រីល័ក្ខ ដែលជាចង្វាក់ប្រពៃណីជាតិ ទើបតែចេញនោះ មានចំណងជើងថា «ចូលឆ្នាំរាំលេងជុំញាតិ» ខណៈបទនេះ ត្រូវបានទស្សនិកជន និយមស្តាប់បទប្រពៃណី និងមានស្មារតី អភិរក្សចម្រៀងខ្មែរជាច្រើន ចូលរួមគាំទ្រ៕

LEAVE A REPLY