លោក ប៊ុន នី មក​ខេត្ត​ព្រៃ​វែង នឹង​ជា​អ្នក​បើក​ក្បាល​ដំបូង​សម្រាប់​សប្ដាហ៍​ទី​២ខែ​មីនា​នេះ។ ប៉ុន្តែ​អ្វី​ដែល​លោក ត្រៀម​នឹង​បើក​បង្ហាញ​នា​ពេល​នេះ មិន​មែន​ជា​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​ទេ តែ​ជា​បទ​ពិសោធន៍​របស់​មិត្តភ័ក្ដិ​លោក ដែល​លោក​បាន​រៀប​រាប់​ដូច​ខាង​ក្រោម ៖

ជា​ដំបូង​សូម​ថ្លែង​អំណរ​គុណ ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ចូល​មក​ទំព័រ​នេះ ទាំង​ខ្ញុំ​គ្មាន​រឿង​ផ្ទាល់​ខ្លួន តែ​ជា​រឿង​របស់​មិត្តភ័ក្ដិ​ទៅ​វិញ។ និយាយ​ពី​រឿង​ពួក​ម៉ាក​ខ្ញុំ​នេះ ឲ្យ​តែ​នឹក​ឃើញ ដឹង​តែ​សើច នឹក​ហួស​ចិត្ត​នឹង​វា។ អាម៉ាក​ដ៏​មហា​អស្ចារ្យ​របស់​ ខ្ញុំ​ឈ្មោះ អា “ធួន” រស់​នៅ​ភូមិ​ស្រុក​ជាមួយ​ខ្ញុំ​ដែរ ស្រុក​មេសាង​ ខេត្ត​ព្រៃ​វែង ប៉ុន្តែ​មិន​ដូច​ខ្ញុំ​ដែល​គ្រួសារ​រាង​អត្តខាត់​បន្តិច​ទេ គឺ​វា​ធូរធារ​ជាង​ខ្ញុំ និង​អ្នក​ក្នុង​ភូមិ​ដទៃ​ទៀត ព្រោះ​សំអាង​ថា កាល​ណោះ​(អំឡុង​ឆ្នាំ២០០៣) ឪពុក​ម្តាយ​វា​មាន​រោង មេក្រូ និង​ម៉ាស៊ីន​ភ្លើង​ជួល​សម្រាប់​ពិធី​រៀប​ពិធី​មង្គល​ការ ឬ​បុណ្យ​ផ្សេង​ៗ គឺ​រាង​គ្រាន់​ដែរ។

ដូច្នេះ ​ហើយ អាធួន គឺ​ឫក​ខ្ពស់​ជាង​គេ​បន្តិច​ហើយ​ក្នុង​ក្រុម និង​ក្នុង​ក្រុម​គ្រួសារ​ក៏​ដូច​គ្នា​ដែរ ព្រោះ​ជា​កូន​ប្រុស​ទោល។ វា​ធ្វើ​អ្វី​ក៏​ដោយ តាម​តែ​ចិត្ត និង​ចង់​ឲ្យ​អ្នក​គ្រប់​គ្នា​ស្រប​តាម​វា​រហូត ហើយ​វា​ចូល​ចិត្ត​ស្តី​ឲ្យ​គេ តែ​មិន​ចូល​ចិត្ត​គេ​ស្តី​ឲ្យ​វា​ឡើយ។ និយាយ​ឲ្យ​ខ្លី គឺ​វា​ទំនើង​តែ​ម្ដង។

នៅ​ឆ្នាំ​២០០៥ មិត្ត​ភក្ដិ​ខ្ញុំ បាន​ស្រឡាញ់​កូន​ស្រី​គេ​ម្នាក់​នៅ​ភូមិ​ជាប់​គ្នា។ ដូច្នេះ វា​បាន​ទៅ​រំអុក​ឪពុក​ម្តាយ​វា​ដណ្តឹង​នារី​នោះ ឪពុក​ម្តាយ​វា​ក៏​សុខ​ចិត្ត​ទៅ​ស្តី​ដណ្តឹង និង​បាន​រៀប​ការ​ឲ្យ​ក្លាយ​ជា​ប្តី​ប្រពន្ធ។ ពួក​ម៉ាក​ខ្ញុំ វា​ក៏​បាន​ទៅ​សង់​ផ្ទះ​តូច​ល្មម​មួយ​ធ្វើ​ពី​ឈើ​ជញ្ជាំង​ស្លឹក ដំបូល​ប្រក់​ស័ង្កសី នៅ​ជិត​ផ្ទះ​ឪពុក​ម្តាយ​ក្មេក​ក្នុង​ដី​ឡូ​តែ​មួយ។

បើ​ទោះ​ជា​រស់​នៅ​ជិត​ភ្នែក​ជិត​ច្រមុះ​ឪពុក​ម្តាយ​ក្មេក​ក៏​ដោយ ប៉ុន្តែ​ចរិត​ទំនើង​របស់​វា​នៅ​តែ​ដដែល​។រាល់​ថ្ងៃ ក្រៅ​ពី​ជួយ​លក់​ឥវ៉ាន់​ចាប់​ហួយ​ជាមួយ​ប្រពន្ធ​រួច វា​តែង​តែ​ដើរ​ផឹក​ស៊ី​ស្រវឹង​អួទីនួ មិន​លស់​ថ្ងៃ ហើយ​ពេល​ខ្លះ​មក​ផ្ទះ ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ទៀត នរណា​ស្តី​ថា ក៏​មិន​បាន។

និយាយ​ពី ​ឪពុក​ក្មេក​វា​វិញ គាត់​ជា​មនុស្ស​មិន​សូវ​មាត់​ក​អី​ទេ បើ​ទោះ​ជា​កូន​ចៅ​សំដី​តូច​ធំ​ដាក់​គ្នា ក៏​គាត់​មិន​ដែល​លូក​មាត់ ស្តី​ឲ្យ​ខាង​ណា កាន់​ជើង​ខាង​ណា​ដែរ ព្រោះ​យល់​ថា ប្តី​ប្រពន្ធ​ក្មេង​ៗ​តែ​ប៉ុណ្ណឹង។ ប៉ុន្តែ​ទំនង​ទ្រាំ​ទៀត​មិន​បាន ទើប​ថ្ងៃ​មួយ គាត់​ក៏​ស្តី​ថា​បន្តិច​បន្តួច ក៏​កើត​ជា​រឿង​តែ​ម្តង សម​នឹង​អាម៉ាក​ខ្ញុំ​ជា​មនុស្ស​ទំនើង​ផង។

សាច់​រឿង​នោះ គឺ​ថ្ងៃ​មួយ​វេលា​ម៉ោង​ប្រមាណ ៧​យប់ ក្រោយ​ពី​វា​ត្រឡប់​ពី​ស៊ីផឹក​វិញ​មក​ដល់​ផ្ទះ អា​សំឡាញ់​ខ្ញុំ​វា​រក​ប្រពន្ធ​មិន​ឃើញ​ក៏​ឡូឡា​រក​បាយ​ស៊ី ព្រោះ​បើក​ឆ្នាំង​អត់​មាន​បាយ​អាលីង។ ម្តាយ​ក្មេក​ដែល​នៅ​ជិត​គ្នា​ក្នុង​ដី​ឡូ​តែ​មួយ​នោះ ក៏​ស្រែក​ប្រាប់​ថា “ប្រពន្ធ​ឯង​លឺ​ថា​មាន​បញ្ហា​លុយ​តុងទីន ឥឡូវ​ចេញ​ទៅ​ជួប​ដោះ​ស្រាយ​ហើយ ចាំ​បន្តិច​ទៅ ព្រោះ​ម៉ែ​ក៏​អត់​បាន​ដាំ​បាយ​ដែរ គឺ​ស៊ី​បាយ​កក​ទាំង​អស់​គ្នា​អស់​ហើយ!”។

ដោយ ​ស្រវឹង​ផង អាម៉ាក​ខ្ញុំ​ក៏​តប​វិញ “ម៉េច​ប្រុង​បង្អត់​បាយ​ប្តី​ឲ្យ​ងាប់​នឹង​អាល​យក​ប្តី​ទៀត!”។ ដោយ​សារ​តែ​ការ​ឆ្លើយ​ទាំង​ទទឹង​ទិស​បែប​នេះ ឪពុក​ក្មេក​ដែល​មិន​មាត់​ក​យូរ​ហើយ​ក៏​ចេញ​មក​ស្តី​ឲ្យ “វា​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ…បាយ​មួយ​ពេល ម៉េច​ទៅ​និយាយ​រឿង​ងាប់​រស់ អី​ណា នាំ​​រឿង​ឲ្យ​ធំ​ធ្វើ​អី”។ គ្រាន់​តែ​ប៉ុណ្ណឹង ក៏​មាន​ការ​ត​ទៅ​ត​មក កើត​ជា​រឿង រហូត​ទ្រាំ​មិន​បាន ឪពុក​ក្មេក​ក៏​ធ្លោយ​មាត់​ថា “អ្ហែង​នៅ​ជាមួយ​ពុក គ្រាន់​តែ​ពុក​ស្តី​ប្រដៅ​បន្តិច​បន្តួច​មិន​បាន អីចឹង​ទៅ​នៅ​ឯណា​ក៏​ទៅ​ទៅ…!”។

គ្រាន់​តែ​ប៉ុណ្ណឹង អាម៉ាក​ខ្ញុំ​ឆ្លើយ​វិញ​ផូង​វិញ​ថា “​មិន​អី​ទេ បើ​ពុក​មិន​ឲ្យ​នៅ ខ្ញុំ​ចេញ​ក៏​បាន!”។ រួច​អ្វី​ៗ​ក៏​បាន​បញ្ចប់ ឯ​អា​សម្លាញ់​ខ្ញុំ ក៏​បាន​ដើរ​ចេញ​ទៅ​វិញ​បាត់ ដោយ​មិន​ដឹង​ថា​វា​ទៅ​ណា​ទេ។ ប៉ុន្តែ​ប្រមាណ​ជា ១ ម៉ោង​ក្រោយ​ទើប​វា​មក​វិញ ដោយ​នាំ​បង​ប្អូន​ខាង​វា​ប្រមាណ​ជិត​២០​នាក់​ផង ទើប​ដឹង​ថា តាម​ពិត​វា​ចេញ​ទៅ​កេណ្ឌ​បង​ប្អូន​វា​មក​ជួយ​សែង​ផ្ទះ​សោះ។

តិបតុប ប្រមាណ ២ម៉ោង​ប៉ុណ្ណោះ ផ្ទះ​សរសរ​ឈើ ជញ្ជាំង​ក្ដារ​ប្រក់​ស័ង្កសី​របស់​អាម៉ាក​ខ្ញុំ​ ត្រូវ​បង​ប្អូន​វា​សែង​ចេញ​ប្រុយ កាត់​មុខ​ឪពុក​ម្តាយ​ក្មេក​វា​ដែល​ឈរ​មើល​ទាំង​ហួស​ចិត្ត។ រឹត​តែ​គួរ​ឲ្យ​ហួស​ចិត្ត និង​ទ្រាំ​សើច​មិន​បាន​ទៀត​នោះ គឺ​មុន​ពេល​ចេញ​ទៅ អា​ធួន វា​បាន​ដើរ​ទៅ​ចាប់​ដៃ​ឪ​ក្មេក​វា​​រលាក់ និង​​និយាយ​ទៀត​ថា “អរគុណ​ហើយ​ពុក កូន​លា​ពុក​ហើយ!”។ ឪ​ក្មេក​វា​ហួស​ចិត្ត​និយាយ​អី​មិន​ចេញ​សូម្បី​មួយ​ម៉ាត់។

និយាយ​ពី​ ប្រពន្ធ​វា​វិញ ម៉ោង​ជាង​០៩ យប់​ទៅ​ហើយ​ត្រឡប់​មក​វិញ ស្រាប់​តែ​ស្រែក​ភ្លាត់​សំឡេង​គ្រាន់​តែ​ដើរ​ចូល​ផុត​របង​ផ្ទះ។ “ហ្អាក…ឯណា​ផ្ទះ​ខ្ញុំ ផ្ទះ​ខ្ញុំ​ទៅ​ណា​បាត់​ហើយ​ម៉ែ…!”។ ម្តាយ​ក្មេក​អា​ពួក​ម៉ាក​ខ្ញុំ ប្រាប់​វិញ​ទាំង​សើច​ហួស​ចិត្ត​ “ប្តី​នាង​ឯង​សែង​យក​ទៅ​បាត់​ហើយ!”។ “​ហើយ​មាន​រឿង​អី…” “​ទៅ​សួរ​មហា​ប្តី​នាង​ឯង​ទៅ​!” ម្ដាយ​ក្មេក​ពួក​ម៉ាក​ខ្ញុំ​ឆ្លើយ។ ទាំង​ម្តាយ​ទាំង​កូន​ឈរ​សើច​មើល​មុខ​គ្នា​ទាំង​ហួស​ចិត្ត រក​ថ្លែង​អី​មិន​ចេញ។

ស្អែក ​ឡើង ឪពុក​ក្មេក​វា បាន​មក​ផ្ទះ​ខ្ញុំ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​គាត់​ដែរ និយាយ​ប្រាប់​ឪពុក​ខ្ញុំ​ពី​រឿង​រ៉ាវ​ខាង​លើ។ គាត់​ថ្លែង​ទាំង​សើច​ថា “ស្មាន​តែ​វា​និយាយ​លេង…យី​អានេះ​ចិត្ត អី​ក៏​ចិត្ត…!”។

អាម៉ាក​ខ្ញុំ ​បាន​សែង​ផ្ទះ​របស់​វា មក​ដាក់​នៅ​លើ​ស្រែ​ក្បែរ​ផ្ទះ​ឪពុក​ម្តាយ​បង្កើត​វា និង​បន្ត​រស់​នៅ​មក​ដល់​សព្វ​ថ្ងៃ។ បច្ចុប្បន្ន អាធួន រៀង​ចាស់​ចិត្ត​ ចាស់​គំនិត​ជាង​មុន និង​កែ​ប្រែ​ចិត្ត​គំនិត​ខ្លះៗ​ហើយ៕

LEAVE A REPLY