ភ្នំពេញ ៖ ក្រៅពីការពោលច្រណែនអស់បុរសៗទៅនឹងនាយ ក្រិន តារាកំប្លែងមាឌល្អិតទាប ក៏មានដៃគូជីវិតសម្ផស្សស្រស់ផូផងមួយហើយមួយទៀត ក៏នឹកដល់នាង កន្តំអ៊ឺត ដែលមិត្តរួមក្រុមរមែងចំអកចំអន់ស្នេហាជាមួយនឹងនាយក្រិនដែរនោះ ក៏រៀបការប្តីក្មេងរូបសង្ហាខ្ពស់ស្រឡះ ។ ខណៈដែលនាយ ចយ តារាកំប្លែងងារមុខអាក្រក់ក៏ធ្វើឲ្យមហាជនពោលសរសើរពីភ័ព្វសំណាងបានស្រីស្រស់វ័យក្មេងរូបស្រស់ស្អាតរួមដំណើរជីវិតជាមួយ។
នាយក្រិន និងភរិយាក្រោយបានសហការបើកហាងលក់គ្រឿងក្លែមមួយនៅតាមបណ្តោយ ផ្លូវម៉ៃដា ។ អ្នកទាំង២តែងតែបង្ហាញរូបភាពផ្អែមល្ហែមនឹងគ្នាតាមហ្វេសប៊ុក ។ ចំណែកអ្នកកំប្លែងរួមក្រុមនាយក្រិនដែរ ដែលមុននោះ មេក្រុមនាយ កុយ ក៏ចំអនស្នេហានិងនាយ ក្រិនដែរនោះ គឺនាងកន្តុំអ៊ឺត ក៏មានភ័ព្វជីវិតបានរៀបការប្តីក្មេងរូបសង្ហាខ្ពស់ស្រឡះ និងបានដឹកដៃគ្នាចាកចេញពីអាជីពសិល្បៈ ទៅរស់នៅក្រុងកំពង់សោម ។ ដែលពេលនេះ តាមប្រភពព័ត៌មានបញ្ជាក់ថា នាងកន្តុំអ៊ឺត ដែលមានឈ្មោះកំណើតស៊ឹម ផល្លាន កំពុង មានកូនក្នុងផ្ទៃប្រមាណជាង៥ខែហើយ ។ នាងមិនបានប្រកបរបរអ្វីក្រៅពីនៅផ្ទះរក្សាគភ៌ទេ ខណៈស្វាមីធ្វើការនៅរោងចក្រ ។
នាងកន្តុំអ៊ឺតត្រូវប្តីជំរុញឱ្យចាប់អាជីពសិល្បៈវិញក្រោយសម្រាលកូនរឹងដៃជើង ដោយនាយកុយនៅតែផ្តល់ឱកាសឲ្យនាងដដែល ។
ចំណែកនាយចយវិញ ក្រៅពីសម្តែងកំប្លែងតាមទូរទស្សន៍ក៏ចូលរួមសម្តែងខ្សែភាពយន្តដែរ ។ តារាកំប្លែងរូបនេះធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងដោយមានសង្សារ ជានារីវ័យក្មេងស្រស់ស្អាត ។ មហាជនកោតសរសើរនាយចយដែលបានសង្សារជាស្រីស្អាត ។
នាពេល ថ្មីៗកន្លងមកនាយចយរឹតតែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងឡើង ចំពោះភាពផ្អែមល្ហែមរបស់នាយ និងគូស្នេហ៍ក្នុងពិធីខួបកំណើតរបស់នាង ហើយរូបភាពត្រូវគេចែកចាយ តៗគ្នាតាមហ្វេសប៊ុក ៕