ឆ្លើយឆ្លងជាមួយ Sabay នៅរសៀលនេះលោកមេធាវី ឈី សម្បត្តិ ធានាអះអាងថា ជនល្មើសប៉ុនប៉ងវាយសម្លាប់លោកបណ្ឌិត ស៊ុយ សារ៉េត នឹងមិនរួចខ្លួនសូម្បីម្នាក់។ មេធាវីរូបនេះមានជំនឿចិត្តខ្ពស់ ក្នុងការឈានដល់ចាប់ជនល្មើសទាំងអស់ឲ្យទទួលទោសតាមច្បាប់ ដោយសារមានហេតុផលសំខាន់ៗដូចខាងក្រោមនេះ៖

១. វីដេអូដែលបង្ហោះចែកចាយពេញបណ្ដាញសង្គម៖ នៅក្នុងវីដេអូឃ្លីបនោះ គឺបានបង្ហាញពីសកម្មភាពដ៏ឃោរឃៅ និងអត្តសញ្ញាណរបស់ជនល្មើសយ៉ាងច្បាស់។ ដូច្នេះគ្មានអ្វីជាឧបសគ្គក្នុងការស្រាវជ្រាវរកជនល្មើសទាំងនោះឡើយ។

២. រូបថត៖ ក្រៅពីវីដេអូសកម្មភាព លោកមេធាវី ឈី សម្បត្តិ ប្រាប់ទៀតថា ក្នុងដៃសមត្ថកិច្ច គឺមានរូបថតជនល្មើសទាំងអស់ ដែលសុទ្ធជាអ្នកចូលរួមក្នុងការប្រើអំពើហិង្សានោះ។
៣. សមត្ថកិច្ចកំពុងដុតដៃដុតជើងយ៉ាងខ្លាំង៖ មេធាវីរបស់បណ្ឌិត ស៊ុយ សារ៉េត លើកឡើងទៀតថា ខណៈនេះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការស្រាវជ្រាវរកមុខជនល្មើស និងកន្លែងស្នាក់នៅ ដើម្បីឈានដល់ការឃាត់ខ្លួន។

៤. ជាបញ្ហាសង្គមត្រូវតែដោះស្រាយ៖ មិនមែនទើបតែកើតឡើងលើបណ្ឌិត ស៊ុយ សារ៉េត ឡើយប៉ុន្តែកាត់ទោសជំនួសតុលាការ ដោយការប្រើអំពើហិង្សានេះមិនមែនជាលើកទីមួយឡើយ។ ដូច្នេះបញ្ញានេះត្រូវតែលប់បំបាត់ចោល តាមរយៈការចាប់ជនល្មើសទាំងនោះ ដើម្បីទុកជាមេរៀនដល់ពលរដ្ឋផ្សេងទៀត។ លោកមេធាវី ឈី សម្បត្តិ ចាត់ទុកថា ការប្រើអំពើហិង្សាក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ គឺជាអំពើដ៏អយុត្តិធម៌បំផុត ព្រោះកម្ពុជា ជាប្រទេសមានច្បាប់គឺត្រូវយកច្បាប់មកដោះស្រាយ។

៥. សមត្ថកិច្ចបានអញ្ជើញសាក្សីជាច្រើនរូបនៅកន្លែងកើតហេតុ យកមកសួរនាំរួចរាល់អស់ហើយ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំណត់អត្តសញ្ញាណជនល្មើសទាំងនោះ ហើយកាន់តែងាយស្រួលក្នុងការឈានដល់ឃាត់ខ្លួន។


តាមបណ្ដឹងរបស់គ្រួសារជនរងគ្រោះ បានទាមទារប្រាក់សំណង ១២០០ លានរៀល។ ចំណែកឯជនល្មើសទាំងនោះ លោកមេធាវី ស៊ុយ សារ៉េត ប្រាប់ថានឹងត្រូវទទួលទោសតាមកម្រិតខុសៗគ្នា អ្នកដែលវាយបំផ្លាញត្រឹមទ្រព្យសម្បត្តិ ត្រូវទទួលទោសកម្រិតណា ហើយអ្នកប៉ុនប៉ងវាយសម្លាប់ត្រូវទទួលទោសកម្រិតណា។ ទាំងអស់នេះគឺដែនសមត្ថកិច្ចរបស់នគរបាល ចំណែកកម្រិតទោសតុលាការនឹងកាត់ក្ដីទៅតាមច្បាប់ក្រមព្រហ្មទណ្ឌ៕

LEAVE A REPLY