រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​ដែល​ស្អប់ខ្ពើម​នូវ​ឈ្មោះ​ថា​ចោរ​ នាំ​គ្នា​ចោមរោម​ចាប់​វាយ​ទ្រម​ខ្លួន បន្ទាប់​ពីបន្លំ​ធ្វើ​ជា​ទៅ​ទិញ​បារី ហើយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ តែ​មិន​បាន​សម្រេច ដោយ​សារ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ ។ ហេតុការណ៍​នេះ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ មីនា នៅ​តាម​ផ្លូវលំ​ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ ច័ន្ទ ដា​រ៉ា អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​២ ផ្លូវ​រថភ្លើង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​មានស្រុក​កំណើត​ភូមិ​បួល ឃុំ​ព្រៃ​រំដេង ស្រុក​គិរីវង់ ខេត្តតាកែវ ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ទុ​យ ហង្ស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងភ្លើង​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ម្ចាស់​ម៉ូតូ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គាត់​បាន​ចត​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១BN-០០៧៧​មួយ​គ្រឿង​នៅ​មុខ​កន្លែង​លក់​គ្រឿងទេស ហើយ​ឃើញ​ជន​ម្នាក់​ចូល​ទិញ​បារី​តែ​ពុំ​ចាប់អារម្មណ៍ ។ ភ្លាម​ៗ​នោះ​ស្រាប់តែ​ចោល​ភ្នែក​ទៅ​ឃើញ​គាត់​ទាញ​ម៉ូតូ​ខ្ញុំ​ជិះ​ចេញ ក៏​ស្រែក​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​បាន​នាំ​គ្នា​ដេញចាប់​បាន និង​នាំ​គ្នា​វាយ​យ៉ាង​ចាស់ដៃ បែក​មុខ​បែក​មាត់​ហូរ​ឈាម​រហាម ។

ពេលនោះ ដោយសារ​តែ​កំហឹង​ប្រជាពលរដ្ឋ​គ្រាន់តែ​ឮ​ថា​ចោរ​ៗ​ក៏​នាំ​គ្នា​ចោមរោម វាយដំ​យក​តែ​ឈ្នះ​ដៃ កុំ​តែ​នគរបាល​ចុះ​ទៅ​អន្តរាគមន៍​ទាន់ កុំ​អី​ត្រូវ​តុលាការ​រាស្ត្រ​កាត់ទោស​ប្រហារជីវិត​បាត់​ទៅ​ហើយ ព្រោះតែ​ស្អប់ខ្ពើម​ចោរ​បំផុត ៕

LEAVE A REPLY