សៀមរាប ៖ ប៉ូលិសខេត្តសៀមរាបចាប់ខ្លួនបុរសម្នាក់ដែលអះអាងខ្លួនឯងថាជាមន្ត្រីប៉េអឹម ដែលឆបោករថយន្តប្រជាពលរដ្ឋ យកទៅលក់អស់ជាង៣០គ្រឿង ពេលនេះរកឃើញ១០គ្រឿងហើយមកទល់ពេលនេះ។
ប៉ូលិសបានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី០៩ ខែមីនាថា កម្លាំងប៉ូលិសបានរកឃើញរថយន្តរបស់ប្រជាពលរដ្ឋរងគ្រោះចំនួន១០គ្រឿង ក្នុងចំណោមរថយន្ត៣១គ្រឿងដែលជនសង្ស័យ បានជួលរួចក្លែងបន្លំឯកសារយកទៅលក់។
ប៉ូលិសបន្តថា ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ការចាប់ខ្លួនបុរសនេះ ធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់រថយន្ត បានប្តឹងមកសមត្ថកិច្ចអំពីរឿងរថយន្តរបស់ខ្លួនដែលត្រូវបានជននោះឆបោក។
ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះ អៀង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជនសង្ស័យរូបនេះបានឆបោកយករថយន្តចំនួន៣១ គ្រឿង ត្រូវបានជននោះឆបោកពីម្ចាស់ជាបន្តបន្ទាប់។ រថយន្តទាំងនោះគឺមានតម្លៃចាប់ពី ២.៥០០ ដុល្លារអាមេរិកទៅដល់ ១៣.០០០ ដុល្លារអាមេរិក ដោយប្រើរូបភាពជួលឬខ្ចីពីម្ចាស់។ ក្រោយពីបានរថយន្តហើយជននោះសង្ស័យយកទៅលក់ឬជួលបន្ត ឬក៏បញ្ចាំ។
បច្ចុប្បន្ន ប៉ូលិសបានកសាង សំណុំរឿងនិងបញ្ជូនជនសង្ស័យទៅកាន់តុលាការដើម្បីចោទប្រកាន់តាមផ្លូវច្បាប់៕