ភ្នំពេញ៖ លោក​ទេព រិ​ន​ដា​រ៉ូ បន្តថា​ជីវិត​រស់នៅ​ម្នាក់ឯង​មិន​ស្រួល​ប៉ុន្មាន​ទេ តែ​ហេតុអ្វី​បានជា​លោក​មិន​ព្រមយក​ប្រពន្ធ​ក្រោយពី​បែកបាក់​ភរិយា​ជាច្រើន​ឆ្នាំ​មក​យ៉ាងនេះ ? លោក​សូម​ជំរាប​ថា ធម្មតា​ប្រុស​យើង​ឲ្យ​តែ​ឃើញ​ស្រី​ស្អាត គឺ​ចាប់អារម្មណ៍​ដូច​តែ​គ្នា​ហ្នឹង រីឯ​រូបលោក​ក៏​មិន​ខុសគ្នា​ដែរ ។ ប៉ុន្តែ​ហេតុ​នៃ​ការរស់នៅ​ម្នាក់ឯង​នេះ គឺ​មកពី​លោកមា​នភារ​:​ច្រើន គឺថា ក្នុងបន្ទុក​គ្រួសារ​លោក​ជា​បង​ផង ជា​ឪពុក​ផង សឹង​ថា ជាតា​ផង …. ក៏បាន​ដែល​សព្វថ្ងៃ​ត្រូវ​រ៉ាប់រង​សព្វ​យ៉ាង ។ ហេតុនេះ​នៅ​ខាងក្រៅ​ផ្ទះ​មាន​ម្តងៗ​ជួន​អី​មាន​អារម្មណ៍​នឹក​គិតថា ចង់យក​ប្រពន្ធ​ដែរ តែ​ពេល​ចូលដល់​ផ្ទះ អារម្មណ៍​នេះ​គឺ​ត្រូវ​ភ្លេច​អស់​ទៅវិញ​ដោយសារតែ​ការដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ ។ អ្នកខ្លះ​ថា ពេល ដា​រ៉ូ យកប្រពន្ធ អាចធ្វើ​ឲ្យ​ប្រពន្ធ​ហួងហែង​រូបគាត់ ហើយ​មនុស្ស​ក្នុង​គ្រួសារ​ពឹង​លើ​រូបលោក តើ​ពឹង​លើ​អ្នកណា​ទៀត ។​

នៅពេលសួរថា លោកមិនព្រមយកប្រពន្ធ ម្យ៉ាងអាចថាបណ្តាលមកពីខ្លាចឲ្យខូចដល់អាជីពសិល្ប:ផងមែនឫទេ ? លោក រិនដារ៉ូ បន្តថា អាចថាអញ្ចឹងក៏ម្យ៉ាងដែរ ! ពីព្រោះថា លោកត្រូវការពេលវេលាដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារទាំងមូល មានប្អូនស្រី មានក្មួយៗ ម្តាយជរាផង ។ លោកថា កន្លងមកក្មួយរៀនមហាវិទ្យាល័យ ហេតុនេះការចំណាយ នៅតែធំសំរាប់រូបលោក ។ ហើយបើយើងយកប្រពន្ធ គឺត្រូវចំណាយពេលវេលា និងត្រូវលះបង់ ហើយនឹងបំពេញសេចក្តីត្រូវការច្រើនទៀតដើម្បីដូរយកសុភមង្គល …។ល។

អញ្ចឹងមានតែទុកសិន ! ចាំមើលកាលណាមាន ! កាលហ្នឹងទៅ កុំអាលខ្វល់! ។

សាកសួរពីកិច្ចការប្រចាំថ្ងៃវិញ លោក ដារ៉ូ និយាយថា លោកសម្តែងឲ្យផលិតកម្មនានាដែលគ្មានពេលទំនេរសោះតែម្តង ។ ការងារក្នុងផ្ទះ ថ្វីបើលោកគ្មានប្រពន្ធតែមានម្តាយ និងប្អូនស្រី ជួយរ៉ាប់រង ។ លោកនិយមលេងកីឡាដែរ តែមិនសូវមានពេលទេ ពីព្រោះការសម្តែងជួនអីផលិតកម្មខ្លះលោកត្រូវថតឲ្យគេទាំងយប់ក៏មាន ។ សួរបញ្ជាក់អំពីអារម្មណ៏ភេទ ខណ:ដែលជុំវិញមានតារាស្រីស្រស់ស្អាតៗសិចស៊ីទាក់ទាញយ៉ាងហ្នឹង តើលោកមានរំញោចអ្វីខ្លះទេ ?លោកសើចតបថា អាហ្នឹងក៏ធម្មតាដូចគេដូចឯងដែរ តែថា យើងចាស់ទុំរៀមច្បងត្រូវធ្វើគំរូដល់ប្អូនៗមិនអាចផ្តេសផ្តាសទៅកើតទេ ។ ទាក់ទិននឹងចរិត និងការនិយមរបស់លោកវិញ លោក រិនដារ៉ូរៀបរ៉ាប់ថា លោកអត់ចេះជក់បារី ចូលចិត្តស្តាប់ភ្លេងមើលទូរទស្សន៍ញុំាអាហារខ្មែរ និងនិយមសុរាកំដៅឈាមខ្លះៗ តែក៏មិនច្រើនដែរ ។

រាល់ថ្ងៃលោកមានមុខការត្រូវទៅធ្វើនៅផលិតកម្ម ដើម្បីរៀបគំរោងការងារថតរឿង តែដល់ចាប់ថតរឿងអញ្ចឹង លោកត្រូវចុះជាប់ដល់កន្លែងថត ដើម្បីដឹកនាំតួសម្តែង ។ លោកថា ពេលវេលាសំរាប់លោកដូចជាតិចណាស់សំរាប់កំសាន្តសប្បាយ គឺមានតែសប្បាយជាមួយក្រុមសិល្ប:នេះទេ ព្រោះតែងតែជួបជុំគ្នាទាំងថ្ងៃទាំងយប់ ចំណែកមិត្តភ័ក្តិសាច់ញាតិវិញយូរៗបានជួបម្តងទាល់តែមានរវល់ ។

ទាក់ទិននឹងប្រវត្តិភរិយាដែលចែកផ្លូវគ្នា លោក ដារ៉ូ មិនពណ៌នាទេ ដោយបានបញ្ជាក់ថា វាជាអតីតកាលអាប់អួរ លោកសុំឲ្យវាផុតរលត់ទៅដោយគ្មានបន្សល់ស្រមោល ។ លោកគ្រាន់តែថា ប្រពន្ធបានគ្នាតាំងពីលោកនៅរៀនសូត្រ ហើយបានលែងលះគ្នា ក្នុងឆ្នាំ ១៩៨៨ ។ រឿងរ៉ាវគ្រួសារលោកទេព រិនដារ៉ូ យោងតាមការឲ្យដឹងពីមិត្តភក្តិទ័ពអាកាសរួមជំនាន់ថា ពេលលោកទៅនៅវៀតណាម ប្រពន្ធលោកកើតរឿងប្រចណ្ឌទាំងគ្មានហេតុផល និងបានប្តឹងដល់អង្គភាព ហើយក៏មានការចែកផ្លូវគ្នាទៅ ។ ដែលតាមមិត្តរបស់លោក គឺរវាង ១៩៨៨ កាលណោះលោកមានកូនស្រីម្នាក់ ហើយក្រោយមកប្រពន្ធនិងកូនស្រីនោះក៏ចាកចេញទៅប្រទេសក្រៅ ដោយទុកឲ្យរូបលោករស់នៅកណ្តោចកណ្តែងម្នាក់ឯងរហូតមក ៕

LEAVE A REPLY