ជប៉ុន​ជា​ប្រទេស​មួយ​ ​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ ​​​ហើយ​ជីវភាព​របស់​ប្រជាជន​ក៏​ល្អ​ណាស់​ដែរ​។ ​អ្វី​ដែល​ពិសេស​នោះ​ ​​ប្រជាជន​ប្រទេស​នេះ​​​គឺ​មាន​អាយុ​វែង ​ដោយ​គិតជា​មធ្យម​ស្ត្រី​អាច​រស់​ដល់​អាយុ ​៨៧​ឆ្នាំ​ ​ចំណែក​បុរស​វិញ​ ​អាច​រស់​​ដល់​អាយុ​៨១​ឆ្នាំ​។ ខាងក្រោម​នេះ ​ជា​មូលហេតុ​សំខាន់ៗ​ ​ដែល​នាំ​ឲ្យ​ប្រជាជន​ជប៉ុន ​មាន​សុខភាព​ល្អ ​និង អាយុ​វែង៖​​​​​

១) ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​៖ ​ថ្វីត្បិត​តែ​ប្រជាជន​ជប៉ុន​ភាគច្រើន​ចូលចិត្ត​ជក់បារី​ ​ប៉ុន្តែ​ពួកគេ​​​តែង​ធ្វើ​លំហាត់​ប្រាណ​ជាប្រចាំ​ ​​ហើយ​​វា​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ដ៏​ល្អ​មួយ​ទៅ​ហើយ​ ​ជា​ពិសេស​តាំង​ពី​ក្មេងៗ​មក​ម្ល៉េះ។ ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ ​​៩៨​ភាគរយ​នៃ​កុមារ​ជនជាតិ​ជប៉ុន ​គឺ​ចូលចិត្ត​ដើរ ​ឬ ​ជិះកង់​ទៅ​រៀន​ជាប្រចាំ​ ​​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​មាន​សុខភាព​រឹងមាំ​​តាំង​ពី​ក្មេង​មក​​។

​២) ​បរិភោគ​​ត្រី​ច្រើន​៖ ​ការ​បរិភោគ​ត្រី​ ​គឺ​ជា​វប្បធម៌​ដ៏​សំខាន់​មួយ​របស់​ជនជាតិ​ជប៉ុន ​ហើយ​ការស្រាវជ្រាវ​ជាច្រើន​បង្ហាញ​ថា ​​ការ​បរិភោគ​ត្រី​ពិតជា​មាន​គុណប្រយោជន៍​​សម្រាប់​សុខភាព​របស់​មនុស្ស​ ​ជាពិសេស​មិន​បង្ក​ឲ្យ​មាន​ការ​ធាត់​លើស​ទម្ងន់​ដូច​ ​ការ​បរិភោគ​សាច់​​ផ្សេងៗ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​។

​​៣) នៅ​តែ​សកម្មចំពោះ​ការងារ​ ​ទោះ​ចូលនិវត្តន៍​​៖ ​​បើ​ទោះ​បី​ជា​ ​ចូលនិវត្តន៍​ទៅ​ហើយ​ក្តី​ប៉ុន្តែ​ប្រជាជន​ជប៉ុន​ភាគច្រើន​ដែល​មាន​វ័យ​ចាស់​នោះ ​មិន​នៅ​ស្ងៀម​នោះ​ឡើយ ​​ពោល​គឺ​ពួកគេ​តែងតែ​ធ្វើ​កិច្ចការ​ផ្សេងៗ​​ជា​ប្រចាំ​។ ​ការ​ធ្វើការងារ​ផ្សេងៗ​នេះ ​មិនមែន​ដើម្បី​លុយ​នោះ​ទេ ​ប៉ុន្តែ​ជា​ទម្លាប់​មួយ​ទៅ​ហើយ​​ដើម្បី​​ធ្វើ​កិច្ចការ​ល្អៗ​ ​នៃ​ជីវិត​ចុង​ក្រោយ​របស់​ពួកគេ​។​​ ​​ការ​បញ្ចេញ​កម្លាំង​ពលកម្ម​​ (​សមស្រប​ ​មិន​ហួសកម្លាំង) ជាប្រចាំ​​នៅ​វ័យ​ចំណាស់​បែបនេះ ​ក៏​ជួយ​ឲ្យ​ពួកគេ​មាន​សុខភាព​ប្រសើរ​ផង​ដែរ។ ​​
៤) ​មាន​ធានារ៉ាប់រង​សុខភាព​៖ ​តាមពិត​ទៅ​ ​ជប៉ុន​ជា​ប្រទេស​មួយ​ដែល​មាន​​វិស័យ​សុខាភិបាល​ល្អ ​សម្រាប់​​ប្រជាជន​របស់​ខ្លួន​ ​ប៉ុន្តែ​​ប្រជាជន​ភាគច្រើន​ក៏​ចំណាយ​លុយ​​​ទៅ​លើ​​សេវា​ធានា​រ៉ាប់រង​សុខភាព​បន្ថែម​ទៀត ​ដើម្បី​ធានា​​ថា ​ពួកគេ​នឹង​មិន​ប្រឈម​​បញ្ហា​ផ្សេងៗ​ដោយ​ហេតុ​ណា​មួយ​៕

ប្រភព៖Bizkhmer

LEAVE A REPLY