(ភ្នំពេញ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ នៃក្លឹបក្រសួងការពារជាតិ ច្រឹង ពលរដ្ឋ មួយរយៈធំមកនេះ លោកត្រូវបានបញ្ឈរជើងពីក្រុមជម្រើសជាតិស្ទើរ ១រដូវកាលពេញ ខណៈអ្នកខ្លះនិយាយថា មូលហេតុដែល លោកត្រូវបានគេបញ្ឈរជើង គឺដោយសារតែគ្មានវិន័យ។ យ៉ាងណាមិញ ជាមួយនឹងការលើកឡើងដូច្នេះ ត្រូវបានលោក ច្រឹង ពលរដ្ឋ បដិសេធទាំងស្រុង ដោយលោកលើកឡើងថា គ្រាន់តែជាការបង្ខូចកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ ព្រោះមិនមែនជាកំហុសរបស់លោក តែម្នាក់ឯងទេ។

ជាក់ស្តែង បន្ទាប់ពីបានទស្សនាការផ្សាយផ្ទាល់ ក្នុងកិច្ចសម្ភាសន៍របស់កីឡាកររូបសង្ហា លោក ច្រឹង ពលរដ្ឋ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Khmer Talking លោកបានបកស្រាយពីរឿងនេះថា «បាទបង! ខ្ញុំសូមបកស្រាយទៅលើការលើកឡើងថា មូលហេតុដែលត្រូវបានគេបញ្ឈរជើង ដោយសារគ្មានវិន័យនេះ មិនមែនជាការពិតរបស់ខ្ញុំនោះទេ ព្រោះនេះគឺជាការបង្ខូចពីកេរ្តិ៍ឈ្មោះរបស់ខ្ញុំ»។

លោក ច្រឹង ពលរដ្ឋ បានបន្តថា «ថ្ងៃមួយខ្ញុំទៅចូលរួមប្រកួតពានរង្វាន់មួយ នៅស៊ីហ្គេម បន្ទាប់មកក៏មានបញ្ហាមួយនៅក្នុងក្រុម ខណៈពេលនេះ គេដាក់កម្រិតដល់រូបខ្ញុំផ្ទាល់ ថាខ្ញុំជាកីឡាករគ្មានវិន័យ ដោយសារតែបងប្អូនយើងមួយចំនួន មិត្តរួមក្រុមយើងនាំគ្នាមកលេងបន្ទប់ ហើយមានគ្រឿងស្រវឹងក្នុងហ្នឹង អ៊ីចឹងហើយនៅក្នុងបន្ទប់ខ្ញុំ គឺខ្ញុំជាអ្នកទទួលខុសត្រូវ»។

កីឡាករ ច្រឹង ពលរដ្ឋ បន្ថែមថា «ជាមួយគ្នានេះ ខ្ញុំមិននឹកស្មានថាដល់ថ្នាក់ហ្នឹងទេ ណាមួយអាចនឹងមានពាក្យគុំយើង អាចធ្វើឲ្យគាត់ (អ្នកគ្រប់គ្រង) មានសម្ពាធ ដោយសារតែបងប្អូនយើងជេរគាត់ ឌៀលអ៊ីចឹង ធ្វើឲ្យគាត់មានសម្ពាធដាក់បន្ទុកលើរូបខ្ញុំតែម្ដង ហើយខ្ញុំមិនបានទៅធ្វើរឿងផឹកស៊ី អីជាមួយនឹងពួកគាត់ទេ គឺគ្រាន់តែក្នុងបន្ទប់របស់ខ្ញុំតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យគេដាក់បន្ទុកលើរូបខ្ញុំ»។

យ៉ាងណាមិញ ក្រៅពីរឿងនេះ លោក ច្រឹង ពលរដ្ឋ បច្ចុប្បន្នមិនទាន់មានសកម្មភាព ក្នុងវិស័យបាល់ទាត់នៅឡើយទេ ខណៈលោកកំពុងតែព្យាបាលរបួសជើង។ ស្របពេលជាមួយគ្នានេះ លោកក៏បានធ្វើជាតារាសម្តែង ក្នុងរឿងដុំមួយផងដែរ គឺមានចំណងជើងថា «បន្តោងឆ្នាំងដី»។

គួរបញ្ជាក់ថា លោក ច្រឹង ពលរដ្ឋ គឺជាកីឡាករពាក់លេខ២៤ ក្នុងក្លឹបក្រសួងការពារជាតិ និងពាក់លេខ ១៦ក្នុងក្រុមជម្រើសជាតិ ដោយក្នុងនោះ លោកគឺជាខ្សែបម្រើប្រយុទ្ធ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ពីការបកស្រាយរបស់លោក ច្រឹង ពលរដ្ឋ នោះ សូមទស្សនាវីដេអូ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ទាំងអស់គ្នា!

LEAVE A REPLY