ក្រុមហ៊ុនអាកាសចរណ៍តម្លៃធូរថ្លៃវៀតណាមបានសុំអភ័យទោសចំពោះការបញ្ជូនតារាបង្ហាញម៉ូតស្លៀកពាក់សិចស៊ីចូលរួមជាមួយក្រុមកីឡាករបាល់ទាត់អាយុក្រោម ២៣ ឆ្នាំរបស់ប្រទេសនេះនៅលើជើងហោះហើរត្រឡប់មកស្រុកវិញ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមនាំគ្នារិះគន់ចំពោះការបង្កើតភាពភ្ញាក់ផ្អើលជាសាធារណៈ “ដ៏ថោកទាប” ។

ក្រុមហ៊ុន Vietjet ដែលល្បីខាងនារីអូតេសស្លៀកពាក់ឈុតប៊ីគីនី បានរងការរិះគន់ចំពោះការបញ្ជូនតារាបង្ហាញម៉ូតស្លៀកពាក់សិចស៊ីចូលរួមជាមួយកីឡាករបាល់ទាត់ ដែលធ្វើដំណើរពីប្រទេសចិន កន្លែងដែលក្រុមជម្រើសជាតិវៀតណាមប្រកួតចាញ់អ៊ូសបេគីស្ថាននៅក្នុងការប្រកួតបាល់ទាត់ដណ្តើមជើងឯកអាស៊ីអាយុក្រោម ២៣ ឆ្នាំរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) កាលពីថ្ងៃសៅរ៍ ទី២៧ មករា។

បណ្តាញសង្គមនៅក្នុងប្រទេសកុម្មុយនីស្តមួយនេះបានផ្ទុះកំហឹងជុំវិញរូបថតជាច្រើនសន្លឹក រួមទាំងបុរសវ័យក្មេងស្រឡាំងកាំងម្នាក់ ត្រូវបានឱបក្រសោបដោយតារាបង្ហាញម៉ូតម្នាក់ ដែលស្លៀកពាក់បញ្ចេញក្បាលពោះ និង ស្លៀកខោក្រហមខើចខ្លី។

នារីសិចស៊ីផ្សេងទៀតបានបង្ហាញឈុតខោអាវទ្រនាប់និងរោមសត្វនៅលើជើងហោះហើរឯកជនរបស់ក្រុមហ៊ុន Vietjet ផងដែរ។

ព្រឹត្តិការណ៍នេះបានធ្វើឱ្យវៀតណាមដែលងប់ងុលនឹងកីឡាបាល់ទាត់ទទួលបានការចាប់អារម្មណ៍ខ្លាំង និងបានលើកតម្កើងកីឡាករទាំងនេះស្មើនឹងវីរបុរសជាតិ។

ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណេតនៅវៀតណាមមិនចាប់អារម្មណ៍នឹងតារាបង្ហាញម៉ូតរបស់យន្ដហោះនេះទេ។

អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Nguyen My Linh បានសរសេរនៅក្នុងផុសមួយដែលមានអ្នកចុច Like ចំនួន ១.៧០០ នាក់ និងអ្នកចែកចាយបន្ត ជាង ១០០ គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទទី២៩មករា យ៉ាងដូច្នេះ “ចំណាត់ការរបស់ក្រុមហ៊ុន Vietjet គឺឈ្លើយ ថោកទាប និងប្រមាថមើលងាយដល់ក្រុមជម្រើសជាតិ អ្នកគាំទ្រ និងសូម្បីអ្នកដំណើររបស់ខ្លួន”។

ទោះបីជាក្រុមហ៊ុនអាកាសចរណ៍មួយនេះបានដណ្តើមចំណាប់អារម្មណ៍សារព័ត៌មានដោយសារបុគ្គលិកមួយចំនួនស្លៀកពាក់ឈុតប៊ីគីនីក៏ដោយ ក៏ប៉ុន្តែអ្នកប្រើប្រាស់អនឡាញជាច្រើនបាននិយាយថា វាមិនសមរម្យទេដែលបញ្ជូនតារាបង្ហាញម៉ូតឈុតក្នុងបែបនេះ ទៅអមដំណើរបុរសវ័យក្មេង។

លោក Le Nguyen បុគ្គលិកការិយាល័យម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) កាលពីថ្ងៃចន្ទថា “វាគួរឱ្យស្អប់ខ្ពើម។ ខ្ញុំនឹងធ្វើពហិការ មិនជិះយន្តហោះ Vietjet ទេ” ។

កីឡាករទាំងអស់ត្រូវបានស្វាគមន៍ដូចក្រុមតារា បន្ទាប់ពីពួកគេបានវិលត្រឡប់មកស្រុកវិញកាលពីថ្ងៃអាទិត្យទី២៨មករា។ អ្នកគាំទ្រដែលគ្រវីទង់ជាតិជាច្រើននាក់បានប្រមូលផ្តុំតាមដងផ្លូវនៃទីក្រុងហាណូយដើម្បីមើលក្រុមជម្រើសជាតិនេះ។

ក្រុមហ៊ុន Vietjet បានសុំអភ័យទោសចំពោះការបញ្ជូននារីសិចស៊ីទៅអមកីឡាករកាលពីថ្ងៃអាទិត្យ ដោយនិយាយថា វាជា “ចំណាត់ការមិនត្រឹមត្រូវ” និងមិនមែនជាយុទ្ធសាស្រ្តទីផ្សារដែលបានគិតគូរបានល្អ    ។ ក្រុមហ៊ុននិយាយថា “បុគ្គលិកពាក់ព័ន្ធ” ត្រូវបានដាក់វិន័យហើយ៕

 

LEAVE A REPLY