(ភ្នំពេញ)៖ បើនិយាយពីការស្លាប់ របស់តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស អ្នកនាង សាន ស្រីឡៃ គិតរហូតមកទល់នឹងពេលនេះ គឺបានទទួលមរណភាព អស់រយៈពេលជិត ១០០ ថ្ងៃមកហើយ ពោលគឺពិធីបុណ្យ១០០ ថ្ងៃ នៃការស្លាប់របស់នាង នឹងប្រារព្ធធ្វើឡើងនៅ ថ្ងៃទី២៧ និង ២៨ ខែមករា ឆ្នាំ ២០១៨ នាពេលដ៏ខ្លីខាងមុខនេះហើយ។ យ៉ាងណាមិញ ការធ្វើពិធីបុណ្យ១០០ ថ្ងៃ នឹងប្រារព្ធធ្វើឡើង នៅគេហដ្ឋានម្តាយរបស់ សាន ស្រីឡៃ ផ្ទាល់ ដែលស្ថិតនៅក្នុងភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយឡែក សម្រាប់មហាជន ក៏ដូចជាអ្នកគាំទ្រ នៅតែមិនអស់ចិត្ត និងមិនទាន់ដាច់អាល័យ នូវមុខមាត់ដ៏ស្រស់ស្អាត និងសំឡេងដ៏ពីរោះរបស់នាង ខណៈក្រោយពេល ដែលតារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស សាន ស្រីឡៃ បានលាចាកលោកទៅ នាងបានបន្សល់ទុកនូវបទចម្រៀង ដែលជាស្នាដៃចុងក្រោយ មានចំណងជើងថា «ទប់ៗខ្លះទៅ» និង បទទី២ មានចំណងជើងថា «ឈឺចាប់ពីរដងបានហើយ» ដែលធ្វើឲ្យមហាជនស្ដាប់បទនេះហើយ មានការអាណិតអាសូរ និង ក្ដីសោកសង្រែង ចំពោះនាងជាខ្លាំង។

គួររំឭកផងដែរថា តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខនារីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅ ដោយបានដេកស្លាប់ ក្នុងថ្លុកឈាម ក្រោមការបាញ់ប្រហារ ដោយគ្រាប់កាំភ្លើង ពីសំណាក់របស់ខ្លួន ចំនួន៣គ្រាប់ ធ្វើឲ្យតារាស្រីរូបនេះ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រួចខ្មាន់កាំភ្លើង ដែលត្រូវជាប្ដីរូបនោះ បានបាញ់សម្លាប់ខ្លួន តាមក្រោយ។ អំពើឃាតកម្មបាញ់សម្លាប់នេះ បានកើតឡើង នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយទូរទស្សន៍អប្សរាបឹងកេងកង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕

LEAVE A REPLY